4 កុម្ភៈ 2026
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តការ ភាពជាដែគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិង អង្គការ JMAS លើគម្រោងបោសសម្អាតគ្រាប់បែកចង្កោម ក្នុងខេត្តស្ទឹងត្រែង
នៅរសៀលថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ ឯកឧត្តម ហេង រតនា ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) និងលោកបណ្ឌិត URANO Shigeyuki ប្រធានអង្គការ JMAS ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការJMASក្នុងការអនុវត្តគម្រោងបោសសម្អាតគ្រាប់បែកចង្កោម សម្រាប់រយៈពេល១២ខែ ពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៧។ គម្រោងនេះនឹងអនុវត្តការបោសសម្អាតគ្រាប់បែកចង្កោមលើផ្ទៃដីទំហំប្រមាណជាង៣០០ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ដែលមានថវិកាគម្រោងចំនួន១៨៤.៤៧១ ដុល្លារសហរដ្ឋអាម៉េរិកនិងថវិកាក្នុងគម្រោងមួយចំនួនទៀតដែលអង្គការJMASជួយអភិវឌ្ឍន៍សហគមន៍ដោយផ្ទាល់។ គម្រោងនេះក៏មានគោលដៅចម្បងផងដែរគឺប្រែក្លាយដីដែលមានហានិភ័យឱ្យទៅជាដីមានសុវត្ថិភាពសម្រាប់ការបង្កបង្កើនផលនិងការសាងសង់លំនៅឋានជូនប្រជាពលរដ្ឋព្រមទាំងជំរុញការងារអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែប្រសើរឡើង។
ដើម្បីសម្រេចបាននូវលទ្ធផលតាមការគ្រោងទុកអង្គភាពស៊ីម៉ាក់បានត្រៀមលក្ខណៈដាក់ពង្រាយកម្លាំងជំនាញ រួមមានក្រុមប្រតិបត្តិការគ្រឿងចក្របោសសម្អាតមីន ក្រុមស្រាវជ្រាវមូលដ្ឋាន និងក្រុមបោសសម្អាតគ្រាប់មិនទាន់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។ មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាឯកឧត្តម ហេង រតនា បានបញ្ជាក់ថា អង្គភាពCMAC និងអង្គការJMAS បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីន និងអភិវឌ្ឍន៍សហគមន៍ក្រោយបោសម្អាតមីនរួចតាំងពីឆ្នាំ២០០២ ពោលគឺមានរយៈជាង២៤ឆ្នាំហើយ។ កិច្ចសហការរវាងអង្គភាពទាំង២បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងសុខសុវត្ថិភាពនិងកសាងសេដ្ឋកិច្ចសង្គមជូនប្រជាពលរដ្ឋនិងសហគមន៍មូលដ្ឋានក្នុងខេត្តគោលដៅមួយចំនួនដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែងជាដើម។