6 កុម្ភៈ 2026
ពិធីប្រកាសបើកប្រតិបត្តិការគម្រោង «ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជា»
នៅថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីបញ្ជាការដ្ឋានកងឯកភាពទី៣ ខេត្តឧត្តរមានជ័យ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC និងថ្នាក់ដឹកនាំអង្គភាពបានជួបសំណេះសំណាលជាមួយកម្លាំងជួរមុខកងឯកភាពកំចាត់មីនទី៣ ចំនួនជិត១៥០នាក់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ និងប្រកាសបើកប្រតិបត្តិការគម្រោង «ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជា»ដែលជាជំនួយគាំទ្រថវិកាដោយរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈអង្គការNPA។
ពិធីប្រកាសបើកប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងសំខាន់មួយ កាលពីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ម្សិលមិញនេះ រវាងឯកឧត្តម ហេង រតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC និងលោក Hans Peter Risser ប្រធានអង្គការ NPA ដែលមានថវិកាសរុបចំនួន ៥.០០០.០០០ដុល្លារអាមេរិក ដែលក្នុងនោះអង្គភាពCMAC បានទទួលថវិកាចំនួន៤.០០០.០០០ដុល្លារអាម៉េរិក តាមរយៈអង្គការNPA និងអង្គការNPA បានទទួលថវិកាចំនួន១.០០០.០០០ដុលា្លរអាម៉េរិក។ គម្រោងនេះមានរយៈពេល ១៨ខែ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ២០២៦ ដល់ ថ្ងៃទី៣១ ខែកក្កដា ២០២៧ នឹងជួយគាំទ្រដល់កម្លាំងជំនាញរបស់អង្គភាពCMAC ចំនួនប្រមាណជិត៣០០នាក់ ក្នុងកងឯកភាពកំចាត់មីនចំនួន២ គឺនៅទិសខេត្តត្បូងឃ្មុំ និងទិសខេត្តឧត្តរមានជ័យ។ ជាក់ស្តែង សម្រាប់កងឯកភាពកំចាត់មីនទី៣ ក្នុងខេត្តឧត្តរមានជ័យ ដែលទើបប្រកាសបើកប្រតិបត្តិការនៅថ្ងៃនេះ មានកម្លាំងសរុបចំនួន ១៨ក្រុម ស្មើនឹង ១៤១នាក់ រួមមានក្រុមបោសសម្អាតមីន ក្រុមស្រាវជ្រាវ ក្រុមកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងក្រុមសុនខហិតមីន ជាដើម។
ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីលុបបំបាត់ហានិភ័យបង្កដោយគ្រាប់មីន គ្រាប់បែកចង្កោមសំណល់ជាតិផ្ទុះឱ្យមានប្រសិទ្ធភាព សំដៅស្តារជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ជាពិសេសតំបន់រងគ្រោះនៅតាមបណ្តាខេត្តជាប់ជាមួយព្រំដែនកម្ពុជា-ថៃដល់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាមពីសំណាក់យោធាថៃ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ហេង រតនា ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តភារកិច្ចប្រកបដោយភាពហ្មត់ចត់ គោរពបទបញ្ជា និងបទដ្ឋានប្រតិបត្តិការរបស់អង្គភាពឲ្យបានម៉ឺងម៉ាត់ ព្រោះថាការបោសសម្អាតសំណល់សង្គ្រាមជាគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះគឺប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដូចនេះជាភារកិច្ចដែលមិនអាចមានការធ្វេសប្រហែសបានឡើយ។