ព័ត៌មាន

24 កុម្ភៈ 2026

: អង្គភាពCMAC រូមជាមួយ NPMEC និងកងទ័ពជើងគោក ជួបពិភាក្សាការងារជាមួយប្រតិភូសហរដ្ឋអាម៉េរិក ស្តីពីកិច្ចសហប្រតិបត្តិការនៃការពង្រឹងសមត្ថភាពនិងភាពម្ចាស់ការលើជំនាញបច្ចេកទេសបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជានិងអន្តរជាតិ

: នៅព្រឹកថ្ងៃអង្គារ ៨កើត ខែ ផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់(CMAC) រួមជាមួយតំណាងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីនយុទ្ធភណ្ឌមិនផ្ទុះនិងសំណល់សង្រ្គាម (NPMEC) និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារ ជាមួយប្រតិភូសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកវរសេនីយ៍ឯក Jace Thayer ប្រធាន អង្គភាពឯកទេសនៃស្ថានទូតសហរដ្ឋអាម៉េរិក ទទួលបន្ទុកក្នុងការគ្រប់គ្រងជំនួយសន្តិសុខ កិច្ចសហប្រតិបត្តិការការពារជាតិ និងកម្មវិធីបណ្តុះបណ្តាលជាមួយប្រទេសជាដៃគូ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិកដែលមានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជាជាពិសេសជាមួយអង្គភាពCMACក្នុងការផ្តល់ជំនួយមនុស្សធម៌រួមមានទីប្រឹក្សា ក៏ដូចជាជំនួយនានាក្នុងការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌពីសង្រ្គាមនៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តម ហេង រតនា ក៏បានថ្លែងអំណរគុណជាពិសេសជូនចំពោះលោកប្រធានាធិបតិ Donal Trump សម្រាប់ការស្វះស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា និងប្រទេសថៃ តាមរយៈបទឈប់បាញ់នាពេលកន្លងមក។ បន្ថែមពីនេះឯកឧត្តម ហេង រតនា ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយដៃគូបោសសម្អាតមីន និងដៃគូអភិវឌ្ឍន៍នានាជាពិសេសក្រោមគម្រោងជំនួយរបស់សហរដ្ឋអាម៉េរិកផងដែរ។

ក្នុងជំនួបនោះ ឯកឧត្តម ហេង រតនា ជម្រាបជូនភ្ញៀវអំពីស្ថានភាពជាក់ស្តែងនៃបញ្ហាសង្គ្រាម និងសំណល់ជាតិផ្ទុះនៅកម្ពុជា ដែលបានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់សិបលានគ្រាប់ ដែរបង្កជាឧបសគ្គដល់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តមក៏បានលើកឡើងពីបញ្ហានៃការឈ្លានពាននៅតាមតំបន់ព្រំដែន ដែលបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភូមិឋានជាច្រើន ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមិនទាន់អាចត្រឡប់ទៅរស់នៅវិញបាននៅឡើយ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ អង្គភាពស៊ីម៉ាក់បានពង្រាយកម្លាំងជំនាញប្រមាណ ៨០០នាក់ ចុះប្រតិបត្តិការយ៉ាងសកម្មក្នុងខេត្តដែលរងផលប៉ះពាល់ខ្លាំងដោយសារសង្គ្រាមឈ្លានពាន។ ជាការឆ្លើយតប លោកវរសេនីយ៍ឯក Jace Thayer បានសម្តែងនូវការស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មមនុស្សធម៌ដ៏អស្ចារ្យរបស់អង្គភាពស៊ីម៉ាក់។ លោកបានបញ្ជាក់ថា សហរដ្ឋអាម៉េរិកចាត់ទុកអង្គភាពស៊ីម៉ាក់គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញ

កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីគាំទ្រដល់សមត្ថភាពមន្ត្រីជំនាញក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះនៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្តោយព្រំដែន។ តាមផែនការដែលបានព្រៀងទុក នៅថ្ងៃទី២៥ ខែកុម្ភៈ ស្អែកនេះ ប្រតិភូចម្រុះនឹងបន្តដំណើរចុះទៅពិនិត្យទីតាំងហ្វឹកហ្វឺន និងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យទីតាំង និងធានាឱ្យការរៀបចំវគ្គហ្វឹកហ្វឺនការពង្រឹងសមត្ថភាពនិងភាពម្ចាស់ការលើជំនាញបច្ចេកទេសបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមសម្រាប់ សម្រេចបាននូវលទ្ធផលជាផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់បំផុត៕ បន្ទាប់ពីជំនួបពិភាក្សាការងារគណៈប្រតិភូអាម៉េរិកក៏បានអញ្ជើញទស្សនាសាលពិព័រណ៌គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីស្វែងយល់បន្ថែមពីសំណល់សង្រ្គាម និងសមិទ្ធផលនានាដែលអង្គភាពCMACសម្រេចបាននាពេលកន្លងមក៕