ព័ត៌មាន

6 មីនា 2026

អង្គភាព CMAC និងអង្គការ NPA ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ”គម្រោងការអភិវឌ្ឍសមត្ថភាពនិងភាពជាដៃគូលើកម្មវិធីសុនខហិតរកមីន និងគ្រឿងផ្ទុះ”

នៅព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ រាជធានីភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) និងលោក Hans Peter Risser នាយកអង្គការជំនួយប្រជាជនន័រវែស (NPA) ប្រចាំនៅកម្ពុជាបានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«គម្រោងការអភិវឌ្ឍសមត្ថភាពនិងភាពជាដៃគូលើកម្មវិធីសុនខហិតរកមីន និងគ្រឿងផ្ទុះ»។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាក្របខ័ណ្ឌការងារដ៏សំខាន់សម្រាប់ឆ្នាំ២០២៦ ដែលផ្តោតលើការអភិវឌ្ឍសមត្ថភាពស្ថាប័នប្រកបដោយចីរភាព ជាពិសេសលើវិស័យសត្វសុនខហិតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឱ្យស្របតាមស្តង់ដារសកម្មភាពមីនអន្តរជាតិ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អង្គការ NPA នឹងផ្តល់ការគាំទ្របច្ចេកទេសលើការអភិវឌ្ឍធនធានមនុស្សយ៉ាងស៊ីជម្រៅ រួមមានការរៀបចំវគ្គបណ្តុះបណ្តាលឯកទេសសម្រាប់គ្រូបង្ហាត់សត្វសុនខ ប្រធានក្រុម និងអ្នកបង្ហាត់កូនសុនខ ដើម្បីពង្រឹងគុណភាពហ្វឹកហ្វឺនតាំងពីដំណាក់កាលដំបូង។

ទន្ទឹមនឹងការងារបច្ចេកទេសសត្វសុនខ ភាគីទាំងពីរក៏បានយកចិត្តទុកដាក់ខ្ពស់លើការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងការរាយការណ៍តាមរយៈបច្ចេកវិទ្យា ArcGIS, SharePoint និង Dashboard ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់ក្នុងប្រតិបត្តិការបោសសម្អាតមីន ។ ជាមួយគ្នានេះដែរ អង្គការ NPA នឹងផ្គត់ផ្គង់នូវសម្ភារៈប្រតិបត្តិការ និងឧបករណ៍ហ្វឹកហាត់ចាំបាច់ជាច្រើនមុខរួមមានប្រឡៅក ខ្សែដឹក ខុង និងឧបករណ៍លេងសម្រាប់បង្វឹកសុនខសម្រាប់បង្វឹកសុនខផងដែរ ដើម្បីគាំទ្រដល់សកម្មភាពប្រតិបត្តិការការហ្វឹកហ្វឺនប្រចាំថ្ងៃនៅមជ្ឈមណ្ឌលសុនខស៊ីម៉ាក់។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អប្រសើរជាមួយអង្គការ NPA ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងសម្ភារៈក្នុងស្មារតីភាពជាដៃគូ។ ឯកឧត្តម ហេង រតនា បានមានប្រសាសន៍បន្ថែមទៀតថា សព្វថ្ងៃនេះ យើងបានផ្លាស់ប្តូរគំនិតផ្តួចផ្តើមដឹកនាំដោយបរទេសទៅជាចំណុចនៃមោទនភាពជាតិតាមរយៈការសម្រេចបាននូវការបង្កាត់ពូជសុនខប្រកបដោយជោគជ័យដោយខ្លួនឯង។ វាជាការសម្រេចបាននូវអនាគតដែលអាចទ្រទ្រង់ខ្លួនឯងបាន ដែល 'ខ្មែរអាចធ្វើបាន' មានន័យថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីនាំចេញជំនាញរបស់យើង និងសត្វសុនខហិតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីជួយពិភពលោកទាំងមូល។

មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាលោក Hans Peter Risser បានបញ្ជាក់ថារូបលោក ពិតជាមានកិត្តិយសយ៉ាងក្រៃលែងក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ ដែលជាការបង្ហាញពីភាពជាដៃគូជាមួយCMACចាប់តាំងពីឆ្នាំ២០០៣។តាមរយៈការបណ្តុះបណ្តលបច្ចេកទេស និងជំនាញរួមគ្នាអស់រយៈពេលជាច្រើនឆ្នាំ CMAC បានបង្កើតមូលដ្ឋានគ្រឹះនៃឧត្តមភាពដ៏រឹងមាំមួយ ដែលអង្គការ NPA ទន្ទឹងរង់ចាំអនាគតមួយដែលយើងនឹងទិញសុនហិតមីនដោយផ្ទាល់ពីប្រទេសកម្ពុជា។ គម្រោងដែលនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពបច្ចេកទេសបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយក្នុងការស្រាវជ្រាវ និងការច្នៃប្រឌិតថ្មីៗ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន សំដៅសម្រេចឱ្យបាននូវគោលដៅកម្ពុជាគ្មានមីននាពេលអនាគតដ៏ខ្លីខាងមុខ៕