ព័ត៌មាន

9 មីនា 2026

វគ្គហ្វឹកហ្វឺន«ស្តីពីការថែទាំនិងមូលដ្ឋានប្រតិបត្តិការគ្រឿងចក្រ NIKKEN DMS-V16 និង DMS-V24»ជូនដល់សិក្ខាកាមនៃមជ្ឈមណ្ឌលជាតិសកម្មភាពកំចាត់មីនវៀតណាម(VNMAC)

: នៅព្រឹកថ្ងៃ ចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនិងថ្ងៃនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នៅសាលប្រជុំសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប ឯកឧត្តមឡេង ជ្រាង ប្រធាននាយកដ្ឋានកណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនកម្ពុជា-វៀតណាមស្តីពី «ការថែទាំ និងមូលដ្ឋានប្រតិបត្តិការម៉ាស៊ីនបោសសម្អាតមីន ប្រភេទ NIKKEN DMS-V16 និង DMS-V24។» វគ្គហ្វឹកហ្វឺននេះត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីជំនាញ នៃមជ្ឈមណ្ឌលជាតិសកម្មភាពកំចាត់មីនវៀតណាម (VNMAC) ដោយមានការគាំទ្រថវិកាពីក្រុមហ៊ុន NIKKEN។ នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺននេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក Watanabe Jinichi ប្រធានគ្រប់គ្រងគម្រោងជាន់ខ្ពស់នៃអង្គការ JICS និងលោក Pham Van Tuong មន្រ្តីផ្នែកបច្ចេកទេសនៃអង្គភាពVNMACនិងតំណាងមកពីក្រុមហ៊ុនNIKKENផងដែរ។

វគ្គហ្វឹកហ្វឺននេះ គឺជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន តាមរយៈអង្គការ JICS ដែលបានខិតខំសម្របសម្រួលក្នុងការផ្ទេរបច្ចេកទេសបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដោយប្រើគ្រឿងចក្រធន់ធ្ងន់ ។ គោលបំណងសំខាន់នៃការបណ្តុះបណ្តាលនេះ គឺដើម្បីធានាឱ្យបាននូវការប្រើប្រាស់គ្រឿងចក្រក្នុងវិស័យសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធសង្រ្គាម ស្របតាមតាមនីតិវីធីបទដ្ឋានប្រតិបត្តិស្តង់ដារ (SOP) ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។ លោកPham Van Tuong បានថ្លែងអំណរគុណដល់អង្គភាពCMACដែលបានទទួលស្វាគមន៍ក្រុមការងារលោក ក្នុងការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ដល់ខាងក្រុមការងារVNMACយ៉ាងកក់ក្តៅ លើសពីអ្វីដែលគាត់រំពឹងទុក។

លោកបន្ថែមទៀតថារូបលោក នឹងក្រុមការងាររបស់លោកនឹងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីយកទៅអភិវឌ្ឍដល់អង្គភាពVNMACក៏ដូចជាប្រទេសរបស់គាត់នៅការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្រ្គាម។ គួរបញ្ជាក់ផងដែរថា វគ្គហ្វឹកហ្វឺនការថែទាំ និងមូលដ្ឋានប្រតិបត្តិការម៉ាស៊ីនបោសសម្អាតមីន នេះប្រព្រឹត្តទៅមានរយៈពេល១សប្តាហ៍ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅទីតាំងហ្វឹកហ្វឺនរបស់អង្គភាពស៊ីម៉ាក់ នៅក្នុងភូមិពពេលលិច ឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប ដោយមានសិក្ខាកាមចំនួន៨រូបក្នុងនោះមានសិក្ខាកាមជានារីចំនួន០១រូប៕