12 មីនា 2026
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាម៉េរិក ស្តីជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម
នៅទីបញ្ជាការCMACភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានទទួលជួបគណៈប្រតិភូសហរដ្ឋអាម៉េរិកដឹកនាំដោយលោក Mr. Ethan Rinksប្រធានគម្រោងកម្មវិធីកាត់បន្ថយអាវុធនៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក។
ជំនួបពិភាក្សានេះសំដៅពង្រឹងកិច្ចសហប្រតិបត្តិការនិងត្រួតពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពកិច្ចប្រតិបត្តិការក្នុងការអនុវត្តគម្រោងជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកផ្តល់ជូនរាជរដ្ឋាភិបាលចំនួន៤លានដុល្លារសហរដ្ឋអាម៉េរិកកាលពីកន្លងទៅថ្មីៗនេះ ដេីម្បីគាំទ្រសកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ គម្រោងនេះគាំទ្រសកម្មភាពសំខាន់ៗ រួមមាន៖ ១. កម្លាំងបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៅបណ្តាខេត្តខាងកេីតប្រទេសរួមមានខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង និងក្រចេះ ២. កម្លាំងចល័តឆ្លេីយតបបន្ទាន់ៗ និង៣. កម្លាំងបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តឧត្តរមានជ័យ។ ជំនួយសហរដ្ឋអាម៉េរិកគម្រោងនេះ បានគាំទ្រកម្លាំងជំនាញអង្គភាពCMAC ចំនួនប្រមាណជិត៤០០នាក់ ឱ្យបំពេញភារកិច្ចមនុស្សធម៌យ៉ាងសកម្ម។
សូមបញ្ជាក់បន្ថែមថា ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកតាមរយ:ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក ក៏បានផ្តល់ការគាំទ្រលេីការហ្វឹកហ្វឺនពង្រឹងសមត្ថភាពធនធានមនុស្ស និងបំពាក់សម្ភារៈបច្ចេកទេសមួយចំនួនជូនអង្គភាពCMACដែរ៕