ព័ត៌មាន

13 មីនា 2026

ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន (TIMA)

នៅព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន(TIMA) ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនស្តីពី “ជំនាញកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិតខ្ពស់” ក្រោមអធិបតីភាព របស់ ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC អ្នកស្រី Kelly Saltzman មន្រ្តីស្ថានទូតសហរដ្ឋអាម៉េរិក និងលោក Hans Peter Risser នាយកអង្គការ NPA ប្រចាំកម្ពុជា។វគ្គហ្វឹកហ្វឺនរយៈពេល ៦សប្តាហ៍នេះ បានបណ្ដុះបណ្ដាលសិក្ខាកាមសរុបចំនួន ១៥នាក់ (ក្នុងនោះស្រ្តីមានចំនួន ១១នាក់) ដែលមកពីកងឯកភាពកំចាត់មីនទី៥ របស់អង្គភាពស៊ីម៉ាក់ចំនួន១០នាក់ និងបុគ្គលិកអង្គការ NPA រតនគិរីចំនួន៥នាក់ ក្រោមការដឹកនាំបង្វឹកដោយគ្រូឧទ្ទេសជំនាញមកពីប្រទេសន័រវេស៍។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ចំនួន ២៩មេរៀន ដែលរួមមានការសិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់លើទីវាលយ៉ាងស៊ីជម្រៅ លើជំនាញសំខាន់ៗដូចជា ការសម្គាល់ប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់កាំភ្លើងត្បាល់ ប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ ការប្រើប្រាស់ឧបករណ៍បច្ចេកទេសទំនើបៗ និងបច្ចេកទេសកម្ទេចយុទ្ធភណ្ឌជាក់ស្តែងជាដើម។

ការរៀបចំវគ្គហ្វឹកហ្វឺននាពេលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រតិបត្តិការជាក់ស្តែង ជាពិសេសនៅតាមបណ្តោយដងទន្លេមេគង្គ ដែលតែងមានសេចក្តីរាយការណ៍ពីការរកឃើញយុទ្ធភណ្ឌសំណល់ពីសង្គ្រាមជាបន្តបន្ទាប់។ ការបង្កើនជំនាញដល់មន្ត្រីជួរមុខ មិនត្រឹមតែជួយធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងជំរុញការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរឡើង។ ធ្វើសេចក្តីរាយការណ៍នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន់ ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ក៏បានបង្ហាញពីមោទនភាពចំពោះលទ្ធផលនៃវគ្គសិក្សានេះ ដែលជាផ្នែកមួយនៃបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សជាង ដែលវិទ្យាស្ថានបានផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមបានចំនួន ៤៤,០០០នាក់ ស្មើនឹង១.២០០វគ្គសិក្សា ចាប់តាំងពីឆ្នាំ១៩៩២ មក ដើម្បីឆ្ពោះទៅរកគោលដៅរំដោះផ្ទៃដី សម្រាប់កម្ពុជាគ្មានមីននាពេលអនាគត។ លោកឧត្តមសេនីយ៍ត្រីក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Hans Peter Risser នាយកអង្គការNPA ប្រចាំកម្ពុជា ដែលបានគាំទ្រទាំងស្មារតី ថវិកា និងបច្ចេកទេសសម្រាប់វគ្គនេះឱ្យដំណើរការ បានល្អប្រសើររហូតបញ្ចប់វគ្គជាស្ថាពរ និងមន្រ្តីអមដំណើរ និងជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាម៉េរិក ដែលបានផ្តល់ថវិកាដល់អង្គភាពស៊ីម៉ាក់ សម្រាប់គាំទ្រសកម្មភាពមីននៅកងឯកភាពកំចាត់មីនទី៣ និងទី៥តរៀងមក។

មានប្រសាសន៍នៅក្នុងពិធីបិទវគ្គនាឱកាសនោះ ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករង CMAC បានសម្ដែងនូវការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ក្នុងការខិតខំប្រឹងប្រែងរៀនសូត្ររបស់ ដើម្បីយកទៅបំពេញភារកិច្ចឱ្យបានគាប់ប្រសើរ។ ឯកឧត្តមក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយអង្គការ NPA ជាមួយអង្គភាពCMAC និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានផ្ដល់ការគាំទ្រទាំងថវិកានិងបច្ចេកទេស ដើម្បីរួមចំណែកក្នុងវិស័យសកម្មភាពមីនជាមួយអង្គភាពស៊ីម៉ាក់។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍជំនាញរបស់បុគ្គលិកនៃផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ គឺមានសារៈសំខាន់ណាស់សម្រាប់អង្គភាព CMAC។ បន្ថែមពីនេះអង្គភាព CMAC កំពុងពិភាក្សាជាមួយកងទ័ពសហរដ្ឋអាម៉េរិកនៃ (បញ្ជាការដ្ឋានប៉ាស៊ីហ្វិក) ដើម្បីរៀបចំផែនការកម្មវិធីបណ្តុះបណ្តាលរយៈពេលប្រាំឆ្នាំសម្រាប់បុគ្គលិកផ្នែក EOD ដែលអាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២៧។ ជាការឆ្លើយតបលោកអ្នកស្រី Kelly Saltzman មន្រ្តីស្ថានទូតសហរដ្ឋអាម៉េរិកបានមានប្រសាសន៍ថា សហរដ្ឋអាម៉េរិកបានប្តេជ្ញាផ្តល់ជំនួយសរុបចំនួន ១៣ លានដុល្លារសម្រាប់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជាក្នុងឆ្នាំនេះ។ នេះរួមបញ្ចូលទាំងកញ្ចប់ថវិកាចំនួន ១០ លានដុល្លារថ្មីៗនេះ និងថវិកាបន្ថែមចំនួន ៣ លានដុល្លារទៀតជាពិសេសដើម្បីគាំទ្រដល់ការបោសសម្អាតមីន។ ថវិកានេះគាំទ្រដល់វគ្គបណ្តុះបណ្តាលជំនាញកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលដំណើរការដោយអង្គការជំនួយប្រជាជនន័រវេស សម្រាប់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ៕