12 មីនា 2026
អង្គភាពស៊ីម៉ាក់បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលឯកទេសគ្រូបង្គោលគរុកោសល្យ
នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនិងថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២៦នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC និងឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យភ្នំពេញ(PTEC)បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលគរុកោសល្យ សហការជាមួយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមគម្រោងសហប្រតិបត្តិការបច្ចេកទេស ផ្តោតទៅលើ ការកសាងនិងបង្កើនសមត្ថភាពតួនាទីរបស់ស៊ីម៉ាក់ ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។ វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការបច្ចេកទេសតាមរយៈកិច្ចសហការរវាងស៊ីម៉ាក់ និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការឧបត្ថម្ភថវិកាពីអង្គការចៃកាដោយគម្រោងនេះបានផ្តោតលើការកសាងសមត្ថភាពគ្រូបង្គោលរបស់ស៊ីម៉ាក់ឱ្យមានជំនាញវិជ្ជាជីវៈគរុកោសល្យច្បាស់លាស់នៅក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង។
គួរបញ្ជាក់ផងដែរថាក្រោមគម្រោងសហប្រតិបត្តិការបច្ចេកទេសជាមួយវិទ្យាស្ថានគរុកោសល្យភ្នំពេញវគ្គបណ្តុះបណ្តាលនេះបានផ្តោតទៅមុខវិជ្ជាឯកទេសសំខាន់ចំនួន៣គឺ៖ ១.វគ្គបណ្តុះបណ្តាល«ឯកទេសគរុកោសល្យទូទៅ» ២.វគ្គបណ្តុះបណ្តាល«ឯកទេសគ្រូបង្គោលគរុកោសល្យ» និង៣. វគ្គបណ្តុះបណ្តាល «ឯកទេសធានាគុណភាពអប់រំផ្ទៃក្នុង»។ វគ្គបណ្តុះបណ្តាលខាងលើនេះត្រូវបានអនុវត្តដោយជោគជ័យបានចំនួន០២វគ្គរួចមកហើយ ដែលក្នុងនោះក្នុងវគ្គទី០១មាន គ្រូបង្គោលចំនួន៦២រូប បានបញ្ចប់វគ្គសិក្សានៅឆ្នាំ២០២៣ និងវគ្គទី០២មានគ្រូបង្គោលចំនួន២០រូបដែលបានបញ្ចប់វគ្គសិក្សានាថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៦ថ្មីៗកន្លងទៅនេះ។ វគ្គបណ្តុះបណ្តាលឯកទេសគ្រូបង្គោលគរុកោសល្យដែលទើបបញ្ចប់នេះ បានចាប់ដំណើរការតាំងពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ជាលទ្ធផល សិក្ខាកាមឆ្នើមចំនួន ១៨នាក់ បានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។
ក្នុងអំឡុងពេលនៃការបណ្តុះបណ្តាល សិក្ខាកាមបានឆ្លងកាត់ដំណាក់កាលសំខាន់ៗជាច្រើន រួមមាន៖ការរៀបចំការបង្រៀន និងការវាយតម្លៃ រអនុវត្តការបង្រៀនជាក់ស្តែង (Practicum)៖ ការស្រាវជ្រាវប្រតិបត្តិ (Action Research)៖ សិក្ខាកាមទាំងអស់បានឡើងការពាររបាយការណ៍ស្រាវជ្រាវរបស់ខ្លួនដោយជោគជ័យ ។ ជាពិសេស ក្នុងវគ្គចុងក្រោយនេះ សិក្ខាកាមក៏ទទួលបានការណែនាំអំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI Tools) ដើម្បីជាជំនួយនៅក្នុងកិច្ចការស្រាវជ្រាវផងដែរ។ ឆ្លងតាមលទ្ធផលនៃការបណ្តុះបណ្តាលនេះ បានសបញ្ជាក់ឱ្យឃើញថា សមត្ថភាពវិជ្ជាជីវៈគ្រូរបស់អង្គភាពស៊ីម៉ាក់ត្រូវបានអភិវឌ្ឍឡើងយ៉ាងល្អប្រសើរ ។ សិក្ខាកាមដែលបានបញ្ចប់វគ្គនេះ នឹងក្លាយជាធនធានគ្រូដ៏សំខាន់ សម្រាប់ការបណ្តុះបណ្តាលបន្តជូនដល់មន្ត្រី និងគ្រូបច្ចេកទេសផ្សេងទៀតនៅក្នុងអង្គភាពស៊ីម៉ាក់ នាពេលអនាគត ដើម្បីបន្តបេសកកម្មបម្រើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាព។ ជាកិច្ចបញ្ចប់នៃពិធី គណៈអធិបតីបានសម្តែងនូវការកោតសរសើរ និងផ្តល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ និងបានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រដល់គម្រោងនេះឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕