25 មីនា 2026
អង្គភាពស៊ីម៉ាក់ បើកសិក្ខាសាលា ស្តីពី«ការបោសសម្អាតគ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series »
នាព្រឹកថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសិទសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ឯកឧត្តមហេងរតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)និងលោក Hans Peter Risser ប្រធានអង្គការNPA ប្រចាំកម្ពុជា បានចូលរួមធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី " គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series" សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦។ អ្នកចូលរួមក្នុងសិក្ខាសាលានេះ មានមន្រ្តីជំនាញអង្គភាពCMAC ចំនួន២៨រូប និងអង្គការដៃគូអន្តរជាតិសំខាន់ៗរួមមាន៖ អង្គការNPA, អង្គការGolden West និងអង្គការAPOPO ជាដើម។ អង្គភាពCMACនិងអង្គការNPAបានសហការគ្នារៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារបច្ចេកទេសគ្រាប់បែកចង្កោមប្រភេទស៊េរីM ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន។ គ្រាប់បែកចង្កោមដែលទាហ៊ានសៀមបានប្រើប្រាស់បាញ់មកលើបូរណភាពទឹកដីកម្ពុជាមាន៣ប្រភេទសំខាន់គឺ M42 M46 និងM85 តាមលទ្ធផលស្រាវជ្រាវរបស់ក្រុមជំនាញអង្គភាពCMAC នៅតំបន់រងផលប៉ះពាល់ចំនួន៣៧១ភូមិនៃខែត្រ៦តាមបណ្តោយព្រំដែនខ្មែរ-សៀម រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងនោះ កំណត់តំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមចំនួនប្រមាណ៣,៦០០ពហុកោណ (ទីតាំង)មានផ្ទៃដីសរុបប្រមាណ២,៣៦០គីឡូម៉ែត្រក្រឡា។ គ្រាប់បែកចង្កោមទាំងនេះបាញ់ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋ ដីស្រែចម្ការ សាលារៀន មន្ទីរពេទ្យ តំបន់ស៊ីវិលនិងទីតាំងកងទ័ពជាដើម។
បើផ្អែកតាមលក្ខណៈបច្ចេកទេសនៃការស្រាវជ្រាវកំណត់អត្តសញ្ញាណតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រភេទស៊េរីMនេះ អាចធ្វើការសន្និដ្ឋានជំហានបឋមថា សៀមអាចប្រើប្រាស់គ្រាប់បែកចង្កោមកាំភ្លើងធំប្រភេទ155MM មានចំនួនប្រមាណ១២០,០០០ទៅ១៣០,០០០គ្រាប់ ដែលមានកូនគ្រាប់បែកចង្កោមប្រមាណពី៦លានទៅ៧លានគ្រាប់។ ការស្រាវជ្រាវមូលដ្ឋានមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។ សូមបញ្ជាក់ថា គ្រាប់បែកចង្កោមប្រភេទស៊េរីM មានប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសមួយចំនួនដូចជានៅលីបង់ ស៊ីរី អ៊ុយក្រែន និងយេមែន ជាដើម។
មានប្រសាសន៍នៅក្នុងពិធីបើក ឯកឧត្តមប្រតិភូមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងសិក្ខាសាលានេះ នឹងខិតខំប្រឹងប្រែងស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយក្នុងការបោសសម្អាតគ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Seriesនេះតាមគោលបំណងដែលបានគ្រោងទុក ដើម្បីស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្កើនភាពជឿជាក់ និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើង។