ព័ត៌មាន

31 មីនា 2026

: នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ ជំនាន់ទី១« ជំនាញបច្ចេកទេសដឹកនាំប្រតិបត្តិការស្រាវជ្រាវព័ត៌មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម កម្រិត៣» ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ វគ្គហ្វឹកហ្វឺននេះគឺជាវគ្គគ្រឹះដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំគ្រប់គ្រងកម្លាំងជួរមុខដែលបានរៀបចំឡើងដោយផ្អែកតាមគោលការណ៍គុណវុឌ្ឍិជាតិកម្ពុជាជាលើកដំបូង ដើម្បីសម្រួចទិសដៅស្របតាមយុទ្ធសាស្ត្ររបស់អង្គភាពស៊ីម៉ាក់ និងពង្រឹងសមត្ថភាពមន្ត្រីបន្តវេនឱ្យកាន់តែរឹងមាំ ប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលហ្វឹកហ្វឺន លោកឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនបានបញ្ជាក់ថា វគ្គសិក្សានេះមានរយៈពេល ៩២ថ្ងៃត្រូវបានបែងចែកជា ៤ដំណាក់កាល ដោយមានសិក្ខាកាមចូលរួមសរុប ៣៥នាក់ (ស្រី ១១នាក់ និងប្រុស ២៤នាក់) មកពីគ្រប់កងឯកភាពកំចាត់មីន និងទីបញ្ជាការភ្នំពេញ។ វគ្គហ្វឹកហ្វឺននេះមានមុខវិជ្ជាសំខាន់ៗចំនួន ១៤ដូចជា៖ ការគ្រប់គ្រងជួរមុខ ភាពជាអ្នកដឹកនាំ នីតិវិធីធ្វើសមាហរណកម្មកម្លាំងប្រតិបត្តិការ ការត្រួតពិនិត្យទីវាល ប្រព័ន្ធ GIS និងការស្រាវជ្រាវព័ត៌មានមូលដ្ឋាន។ ក្រៅពីជំនាញបច្ចេកទេស សិក្ខាកាមក៏បានសិក្សាអំពីការអប់រំយល់ដឹងពីមីន ការសង្គ្រោះបឋមកម្រិត២ លក្ខន្តិកៈធនធានមនុស្ស និងនីតិវិធីរដ្ឋបាលផ្សេងៗផងដែរ។ សិក្ខាកាមដែលបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវបានវាយតម្លៃថាមានសមត្ថភាពពេញលេញ ក្នុងការយកចំណេះដឹង និងបទពិសោធន៍ទៅអនុវត្តគាំទ្រកិច្ចប្រតិបត្តិការរបស់ស៊ីម៉ាក់ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ការរៀបចំវគ្គហ្វឹកហ្វឺននេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងធនធានមនុស្សរបស់អង្គភាពស៊ីម៉ាក់ ដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាអស់មីន និងកាត់បន្ថយគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពី សង្គ្រាមឱ្យបានជាអតិបរមា ជាពិសេសនៅតំបន់ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការបាញ់ផ្លោង និងការទម្លាក់គ្រាប់ ដោយយោធាសៀមនៅក្នុងសង្រ្គាមឈ្លានពានកាលពីឆ្នាំ២០២៥កន្លងទៅនេះ។