ព័ត៌មាន

6 មេសា 2026

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMACអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសនៅក្នុង វេទិការសារព័ត៌មានលើប្រធានបទ«ការខូចខាតប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក»

នៅព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMACបានចូលរួមធ្វើជាវាគ្មិននៅក្នុងកម្មវិធីវេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ «ការខូចខាតប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក» ក្នុងគោលបំណងបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥កន្លងទៅ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះមានការអញ្ជើញចូលរួមពីតំណាងអាជ្ញាធរជាតិព្រះវិហារ ក្រោមការសម្របសម្រួលដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។ ភស្តុតាងនៃការប្រើប្រាស់គ្រាប់យុទ្ធភណ្ឌទំនើបៗជាច្រើនប្រភេទដែលបានបាញ់ស្រោចមកលើតំបន់ប្រាសាទព្រះវិហារ រួមមាន គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82, គ្រាប់បែកចង្កោម, គ្រាប់អាវុធគីមី ឬផ្សែងពុល ព្រមទាំងគ្រាប់កាំភ្លើងធំខ្នាត ១០៥មីលីម៉ែត្រ, ១២៥មីលីម៉ែត្រ និង ១៥៥មីលីម៉ែត្រ។ ការវាយប្រហារនេះបានបណ្តាលឱ្យរចនាសម្ព័ន្ធថ្មភក់បុរាណនៃប្រាសាទរងការខូចខាតយ៉ាងដំណំ ជាពិសេសនៅផ្នែកស្ពានហាល, ខឿន, ជញ្ជាំង, សសរ, ផ្ដែ, ហោជាង និងរោងទងនៃគោបុរៈទាំង ៥។

ក្រៅពីការខូចខាតលើតួប្រាសាទ ទិន្នន័យជាក់ស្តែងបានបង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះលើទីតាំងប្រាសាទយ៉ាងធំធេង។ តំបន់ដែលរងផលប៉ះពាល់រួមមាន ផ្ទៃដីប្រាសាទព្រះវិហារផ្ទាល់ចំនួន ១៥៤,៧ ហិកតា និងតំបន់អភិវឌ្ឍន៍ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជុំវិញប្រមាណ ៤៨.០០០ ហិកតា។ តាមរយៈការអង្កេត ក្រុមជំនាញបានរកឃើញរណ្តៅគ្រាប់ សរុបចំនួន ៥០១ រណ្តៅ ដែលកើតចេញពីការទម្លាក់គ្រាប់បែកពីយន្តហោះ គ្រាប់កាំភ្លើងធំ និងគ្រាប់ដ្រូន។ ក្នុងនោះ ជម្លោះរវាងថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា បង្កើតឱ្យមានរណ្តៅគ្រាប់ចំនួន ៧៨ និងជម្លោះរវាងថ្ងៃទី០៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥ បង្កើតឱ្យមានរណ្តៅគ្រាប់រហូតដល់ ៤២៣ កន្លែង។

ឯកឧត្តម ហេង រតនា បានជម្រាបជូនអ្នកសារព័ត៌មានថាការបាញ់ផ្លោងនេះគឺជាសកម្មភាពដែលមានចេតនាច្បាស់លាស់ ដោយសារអាវុធដែលបានប្រើប្រាស់មានបំពាក់ជាមួយនឹងប្រព័ន្ធនាំផ្លូវដែលមានភាពជាក់លាក់ខ្ពស់ ហើយទីតាំងប្រាសាទស្ថិតនៅលើជ្រោះខ្ពស់ដាច់ដោយឡែកដែលជាទីតាំងសក្ការៈមិនមែនជាទីតាំងសមរភូមិឡើយ។ បច្ចុប្បន្ន សំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែជាកង្វល់ដ៏ធំបំផុតសម្រាប់កិច្ចការអភិរក្ស និងសុវត្ថិភាពសហគមន៍ ជាពិសេសគឺវិស័យទេសចរណ៍ផងដែរ។ ក្រុមការងារស៊ីម៉ាក់បាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិព្រះវិហារ ដើម្បីបើកផ្លូវសុវត្ថិភាព និងបោសសម្អាតឱ្យដល់កម្រិតសូន្យហានិភ័យ សំដៅធានាសុវត្ថិភាពទាំងស្រុងសម្រាប់ក្រុមអ្នកជំនាញវាយតម្លៃ និងភ្ញៀវទេសចរដែលមកទស្សនាសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលអនាគត៕