9 មេសា 2026
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំត្រីមាសទី១(មករា-មីនា) ឆ្នាំ២០២៦ និងពិនិត្យដាក់ផែនការបន្តសម្រាប់ត្រីមាសទី២ឆ្នាំ២០២៦
ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMACបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំត្រីមាសទី១(មករា-មីនា) ឆ្នាំ២០២៦និងពិនិត្យដាក់ផែនការបន្តសម្រាប់ត្រីមាសទី២ឆ្នាំ២០២៦។ ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ ឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញទាំងអស់ បានសម្តែងនូវការគោរពដឹងគុណ និងរំលឹកដល់វីរភាពដ៏ឧត្តុង្គឧត្តមរបស់កងទ័ពកម្ពុជា ដែលបានពលីជីវិត និងរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងសង្រ្គាមកម្ពុជា-សៀម ឆ្នាំ២០២៥កន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជម្រាបពីបញ្ហាសង្រ្គាមដែលកំពុងកើតឡើងនៅលើសាកលលោក រួមជាមួយបញ្ហាសង្រ្គាមតាមបណ្តោយព្រំដែនជាមួយសៀមឈ្លានពាន។
ឯកឧត្តមអគ្គនាយកបានជម្រាបថាដើម្បីឆ្លើយតបនឹងផលប៉ះពាល់ដោយសារសង្គ្រាមនេះ អង្គភាពស៊ីម៉ាក់បានដាក់ចេញនូវការងារស្នូលចំនួន ៣ ជាអាទិភាព រួមមាន៖ ១. ជំរុញការអប់រំយល់ដឹងអំពីសំណល់ជាតិផ្ទុះពីសង្រ្គាម៖ បង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ជាពិសេសអំពីគ្រោះថ្នាក់នៃគ្រាប់បែកចង្កោម។ ក្នុងនោះ យើងមានកម្លាំងអ្នកស្ម័គ្រចិត្តចំនួន ១៤.០០០ នាក់ ដែលក្នុងនោះមានជាង ៥.០០០ នាក់ គឺជាកម្លាំងបង្គោលប្រចាំការនៅតាមភូមិរងគ្រោះផ្ទាល់។ ២. ការបោសសម្អាតយោងតាមការស្រាវជ្រាវនិងបោះស្លាកចម្ការមីនក្នុងភូមិរងគ្រោះទាំង ៣៤៩។ ៣. និងឆ្លើយតបសំណើរប្រជាពលរដ្ឋ អាជ្ញាធរ និងការសង្រ្គោះបន្ទាន់។ ជាលទ្ធផល អង្គភាពCMAC សម្រេចបាន ២៧២ ភូមិរួចរាល់ ប៉ុន្តែនៅសល់ ៧៥ ភូមិទៀត ដែលមានផ្ទៃដីប៉ះពាល់សរុបប្រមាណ ៣.៥០០ គីឡូម៉ែក្រឡា ដោយសារសង្រ្គាមឈ្លានពានសៀម។ ក្នុងនោះដែរ តំបន់ពហុកោណដែលរងការទម្លាក់គ្រាប់បែកចង្កោមមានជាង ៣.០០០ កន្លែង ដែលស្មើនឹងផ្ទៃដីប្រមាណ ២.៣០០ គីឡូម៉ែត្រក្រឡា។
ក្នុងរយៈពេល៣ខែត្រីមាសទី១(មករា-មីនា ២០២៦)ឆ្នាំ២០២៦នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន/ចម្ការគ្រាប់បានជាង៤,០០០ហិកតា ស្រាវជ្រាវព័ត៌មាននិងដាក់កំណត់ទីតាំងចម្ការគ្រាប់សំណល់យុទ្ធភណ្ឌសៀមឈ្លានពានសម្រេចបានចំនួន៣៣២ភូមិ(លើ៣៤៨ភូមិ) ដោយបានកំណត់ប្លង់ចម្ការគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម មានចំនួនជាង៥.៣០០ពហុកោណ (polygons) មានផ្ទៃសរុបជាង៣.៦០០គីឡូម៉ែត្រនិងផ្តល់ការផ្សព្វផ្សាយអប់រំដោយសារសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមបានជាង២០ម៉ឺន នាក់។ ក្នុងកិច្ចប្រតិបត្តិការត្រីមាសទី១ឆ្នាំ២០២៦ បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន១១.៨៣៨គ្រាប់ និងឆ្លើយតបនូវតម្រូវការអន្តរាគមន៍បន្ទាន់ៗ(EOD Calls)របស់ប្រជាពលរដ្ឋបានចំនួន ១.៩៧៧ករណី។ តាមរយ:សមិទ្ធផលសម្រេចបាននេះ វាផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានចំនួនជាង៣៥៦.០០០គ្រួសារ ដែលអនុញ្ញាតឱ្យពួកគាត់អាចប្រើប្រាស់ដីធ្លីសម្រាប់បង្កបង្កើនផល សាងសង់លំនៅឋាន និងបម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានាដូចជា វត្តអារាម មណ្ឌលសុខភាព និងសាលារៀនប្រកប សុវត្ថិភាព៕