ព័ត៌មាន

10 មេសា 2026

ពិធីប្រគល់ប្រាក់សោធននិវត្តន៍ដល់និវត្តជន គ្រួសារជនមរណៈ និងពលី ចំនួន១៣០នាក់

ថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់សោធននិវត្តន៍ដល់និវត្តជន គ្រួសារជនមរណៈ និងពលី ចំនួន១៣០នាក់។ ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា ទោះបីបងប្អូនដល់អាយុត្រូវចូលនិវត្តន៍ក្តី តែបងប្អូននៅតែមានឱកាសរកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ តាមរយៈការងារបន្ទាប់បន្សំផ្សេងៗ ដូចជាសិប្បកម្ម ហត្ថកម្ម កែច្នៃជាវត្ថុអនុស្សាវរីយ៍ ដាំដំណាំ ចិញ្ចឹមសត្វ និងបង្កើតមុខរបរនៅក្នុងមូលដ្ឋានរបស់ខ្លួនជាដើម ហើយអង្គភាពនៅតែគិតគូរនិងផ្តល់ឱកាសការងារសមស្របដល់បងប្អូន ខណៈដែល CMAC កំពុងពិភាក្សាជាមួយម្ចាស់ជំនួយ និងអង្គការដៃគូរនានា ដើម្បីបង្កលក្ខណៈឱ្យបងប្អូនមានឱកាសចូលធ្វើការងារស្របទៅតាមសមត្ថភាព សម្រាប់ជួយទ្រទ្រង់ដល់សេដ្ឋកិច្ចគ្រួសារ បន្ថែមលើរបបប្រាក់សោធននិវត្តន៍។

ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីជានិវត្តជនទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអាយុជីវិត ក្នុងការបម្រើជាតិមាតុភូមិ និងអង្គភាព ជាពិសេសបានចូលរួមក្នុងបេសកកម្មដ៏គ្រោះថ្នាក់ក្នុងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ការលះបង់ដ៏ធំធេងនេះ គឺជាបុព្វហេតុដ៏ចម្បងក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ផ្ដល់នូវសុខសុវត្ថិភាព និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ។ បើគ្មានការលះបង់ និងការតាំងចិត្តខ្ពស់របស់បងប្អូននាពេលកន្លងមកទេនោះ ក៏យើងមិនមានសមិទ្ធផល និងសេចក្តីសុខសាន្តដូចពេលបច្ចុប្បន្ននេះដែរ។

ឯកឧត្តម ក៏បានលើកទឹកចិត្តដល់បងប្អូននិវត្តជនទាំងអស់ សូមបន្តចូលរួមក្នុងសហគមន៍ដែលខ្លួនរស់នៅ ដោយប្រកាន់ខ្ជាប់នូវវិន័យ និងសេចក្តីថ្លៃថ្នូរ ដើម្បីធ្វើជាពលរដ្ឋល្អ និងជាគំរូក្នុងសង្គម។ ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ ជួយលើកទឹកចិត្តនិងជំរុញកូនចៅឱ្យបានសិក្សាគ្រប់ៗគ្នា ហើយត្រូវលៃលក និងប្រើប្រាស់ប្រាក់បំណាច់ការងារដែលទទួលបាននាឱកាសនេះ យកទៅបង្កើតមុខរបរ ឬអាជីវកម្មផ្សេងៗតាមលទ្ធភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យមានស្ថិរភាព និងរីកចម្រើនបន្តទៅថ្ងៃអនាគត។ ទាំងនេះគឺជាភារកិច្ចរួមគ្នារបស់យើងទាំងអស់គ្នាក្នុងការរក្សាកិត្តិយសរបស់អង្គភាព ក្រោយចូលនិវត្ត៕