ព័ត៌មាន

4 ឧសភា 2026

គណៈប្រតិភូ APF ស្វែងយល់ពីការដាក់តាំងបង្ហាញពិពរណ៍នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប

នៅរសៀលថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានទទួលដំណើរទស្សនៈកិច្ចគណៈប្រតិភូនៃសភាប្រើភាសាបារាំង (APF) រួមជាមួយសមាជិកព្រឹទ្ធសភាកម្ពុជា ដែលដឹកនាំដោយឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជាប្រើភាសាបារាំងមកទស្សនាសារមន្ទីរតេជោសនិ្តភាព ខេត្តសៀមរាប។

ដំណើរទស្សនកិច្ចនៃគណៈប្រតិភូអន្តរជាតិនេះ ក៍មានការចូលរួមរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីក្នុងគោលបំណង ស្វែងយល់កាន់តែច្បាស់អំពីសមិទ្ធផលនៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងប្រវត្តិសាស្ត្រការកសាងសន្តិភាពនៅប្រទេសកម្ពុជាតាមរយៈវិស័យសកម្មភាពមីន។ តាមរយៈនៃដំណើររទស្សនកិច្ចនេះ ឯកឧត្តមប្រតិភូបានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមប្រតិភូ ក៏បានបញ្ជាក់ខ្លឹមសារជូនគណៈប្រតិភូ ពីការប្រឈមមុខដោះស្រាយនូវវិបត្តិមនុស្សធម៌បង្កឡើងដោយសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមពានឈ្លាន ទាំងសុខសុវត្តិភាពនៅក្នុងពេលចំពោះមុខនេះ និងការគំរាមកំហែងសេដ្ឋកិច្ចសង្គមក្នុងរយៈពេលវែង ក៏ដូចជាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ពន័្ធស៊ីវិល ជាពិសេសកម្ទេចនិងបំផ្លាញប្រាង្គប្រាសាទព្រះវិហារជាដើម។

សូមបញ្ជាក់ថា "សារមន្ទីរតេជោសនិ្តភាព" មិនត្រឹមតែជាកន្លែងដាក់តាំងបង្ហាញភស្តុតាងប្រវត្តិសាស្ត្រសង្គ្រាមនិងការចងចាំនូវទុក្ខសោកនាដកម្មដោយសារសង្គ្រាមរាំរ៉ៃនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសារមន្ទីរនេះ ជាមជ្ឈមណ្ឌលអប់រំផ្សព្វផ្សាយវប្បធម៌សន្តិភាពសម្រាប់មនុស្សគ្រប់ជំនាន់ ឱ្យយល់ដឹងពីតម្លៃដ៍ចាំបាច់បំផុតនៃសន្តិភាព។ សកម្មភាពនៃការមកធ្វើទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាពនេះផងដែរ បានធ្វើឡើងស្របពេលដែលសភាបានរៀបចំសិក្ខាសាលាស្តីពី«ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» និងកិច្ចប្រជុំគណៈកម្មការនយោបាយ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅទឹកដី ខេត្តសៀមរាប។