ព័ត៌មាន

4 មិថុនា 2026

ពិធីបិទវគ្គ ហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រធានក្រុមសុនខហិតមីន និងហិតគ្រាប់

ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមីអដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់(CMAC)បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រធានក្រុមសុនខហិតមីន/គ្រាប់ ដែលគាំទ្រដោយដោយអង្គការNPA ប្រចាំកម្ពុជា។ ពិធីនេះក៏មានការចូលរួមពីលោក Kenan Muftic តំណាងអង្គការNPAមកពីក្រុងអូស្លូ ប្រទេសន័រវេស្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងដៃគូពាក់ព័ន្ធជាច្រើនរូប។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ធៀម សុភាព នាយកមណ្ឌលសុនខ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបានចាប់ផ្ដើមដំណើរការហ្វឹកហ្វឺនចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមសរុបចំនួន ១២នាក់ (ស្រី ០២នាក់ និងប្រុស ១០នាក់) ដែលត្រូវបានជ្រើសរើសមកពីបណ្តាកងអង្គភាពចំណុះ និងទីបញ្ជាការកណ្តាល។ បន្ថែមពីនេះវគ្គហ្វឹកហ្វឺននេះក៏មានការអញ្ជើញចូលរួម ពីសិក្ខាកាមអន្តរជាតិមកពីបណ្តាប្រទេសមួយចំនួន រួមមាន ប្រទេសស៊ូដង់ខាងត្បូង ប៊ូស្នៀ អ៊ុយក្រែន និងអេត្យូពីផងដែរ។ ក្នុងរយៈពេលនៃវគ្គបណ្តុះបណ្តាលនេះ ក្រុមគ្រូឧទ្ទេសជំនាញបានបង្ហាត់បង្រៀនលើមុខវិជ្ជាសំខាន់ៗចំនួន ១៨មុខវិជ្ជា (បែងចែកជាវគ្គទ្រឹស្តី អនុវត្តន៍លើទីលាន និងចុះអនុវត្តន៍ផ្ទាល់នៅលើទីវាល) ដែលផ្តោតលើឥរិយាបថ និងសមត្ថភាពទទួលក្លិនរបស់សុនខ, នីតិវិធីប្រតិបត្តិការស្តង់ដារ (SOP), ការគ្រប់គ្រងព័ត៌មាន, និងសិល្បៈនៃការដឹកនាំក្រុម។

វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រធានក្រុមសុនខហិតរកមីននេះ ដំណើរការទៅបានក្រោមគម្រោងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាង អង្គភាព CMAC និងអង្គការ NPA ប្រចាំកម្ពុជា ដោយសហការទាំងការជួយឧបត្ថម្ភកញ្ចប់ថវិកានិងបច្ចេកទេសហ្វឹកហ្វឺនរួមជាមួយមណ្ឌលសុនខផងដែរ។ វគ្គហ្វឹកហ្វឺនដ៏មានសារសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាពបច្ចេកទេស យុទ្ធវិធី និងការគ្រប់គ្រងដឹកនាំក្រុមសុនខ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព ក្នុងការអនុវត្តប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅតាមបណ្តោយព្រំដែន ដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌនៃសង្គ្រាមឈ្លានពានរបស់ថៃ សំដៅរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដើម្បីបង្កបង្កើនផល និងអភិវឌ្ឍសហគមន៍ប្រកបដោយចិរភាព។

មានប្រសាសន៍នៅក្នុងពិធីបិទវគ្គនេះ ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណចំពោះអង្គការNPA ប្រចាំកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងគាំទ្រយ៉ាងសកម្មដល់សកម្មភាពមីននៅកម្ពុជា និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូបច្ចេកទេសនិងសិក្ខាកាមទាំងអស់ ជាពិសេសសិក្ខាកាមជានារី ដែលបានខិតខំសិក្សារៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់នាពេលនេះ៕