ព័ត៌មាន

7 កក្កដា 2026

ពិធីបិទវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យសកម្មភាពមីន ជូនដល់មន្ត្រីមកពីបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក ក្រោមកិច្ចគាំទ្រពី JICA

នៅថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់(CMAC) រួមជាមួយលោកស្រី KOMUKAI Eri ទីប្រឹក្សាជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ (JICA)ប្រចាំទីក្រុងតូក្យូ ប្រទេសជប៉ុន និង លោកឧត្តមសេនីយ៍ទោ Tadesse Amelo Sieso នាយកសកម្មភាពមីនប្រទេសអេត្យូពី បានធ្វើជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី«ពី “ជំនាញថ្នាក់ដឹកនាំជាន់ខ្ពស់នៃការគ្រប់គ្រងវិស័យមីន” ក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវាងអង្គភាពCMAC និង JICA រួមជាមួយក្រុមអ្នកជំនាញជប៉ុន (JET)។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសចំនួន០៤ ក្នុងទ្វីបអាហ្វ្រិក រួមមាន ប្រទេសអេត្យូពី នីហ្សេរីយ៉ា សូម៉ាលី និងស៊ូដង់ខាងត្បូង ក្នុងគោលបំណងពង្រឹងសមត្ថភាព ចែករំលែកបទពិសោធន៍ និងសិក្សាស្វែងយល់ផ្ទាល់អំពីការអនុវត្តជាក់ស្តែងរបស់អង្គភាពCMAC ក្នុងវិស័យសកម្មភាពមីន និងការអភិវឌ្ឍក្រោយបោសសម្អាតមីនរួច។

ឆ្លងកាត់វគ្គបណ្តុះបណ្តាលខាងលើកន្លងមក គណៈប្រតិភូទាំងអស់ទទួលបានចំណេះដឹងបន្ថែមទៀតក្នុងវិស័យសកម្មភាពមីនដូចជា ការគ្រប់គ្រងប្រតិបត្តិការ ការស្រាវជ្រាវព័ត៌មានមូលដ្ឋានការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រព័ន្ធគ្រប់គ្រងទិន្នន័យនិងព័ត៌មាន ការអប់រំយល់ដឹងពីមីន/គ្រាប់មិនទាន់ផ្ទុះ ជំនួយដល់ជនរងគ្រោះ និងការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាពក្រោយការបោសសម្អាតមីនរួច ក៏ដូចជាការងារគ្រប់គ្រងពីវាគ្មិនជំនាញរបស់អង្គភាពCMAC និងទីប្រឹក្សាជាន់ខ្ពស់របស់អង្គការJICA។ គណៈប្រតិភូនៃប្រទេសទាំង០៤ ក៏បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម ការរៀបចំផែនការសកម្មភាពជាក់ស្តែង ដើម្បីយកទៅអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន ព្រមទាំងបានផ្តល់នូវធាតុចូល និងអនុសាសន៍គន្លឹះសំខាន់ៗ ក្នុងគោលបំណងកែលម្អ និងលើកកម្ពស់គុណភាពនៃវគ្គគ្រប់គ្រងជាន់ខ្ពស់នេះឱ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើងនាពេលអនាគត។ ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ គណៈប្រតិភូទាំងអស់ ក៏បានទៅទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន(TIMA) និងមណ្ឌលសុនខ ខេត្តកំពង់ឆ្នាំង មណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ និងការអនុវត្តការងារស្រាវជ្រាវមិនបច្ចេកទេស នៅស្រុកបាណន់ ខេត្តបាត់ដំបង ព្រមទាំងសារមន្ទីរតេជោសន្តិភាព និងបេតិកភណ្ឌវប្បធម៌ ខេត្តសៀមរាប។ ទន្ទឹមនឹងនេះគណៈប្រតិភូខាងលើ ក៏បានទៅទស្សនកិច្ចនៅវិមានឈ្នះ-ឈ្នះ ដើម្បីសិក្សាស្វែងយល់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត និងពលិកម្មដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» នាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ និងការរំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបើកផ្លូវឱ្យមានកិច្ចប្រតិបត្តិការបោសសម្អាតមីន និងការអភិវឌ្ឍប្រទេសជាតិដូចពេលបច្ចុប្បន្ន។

សូមជម្រាបថា តាមរយៈការខិតខំប្រឹងប្រែងនេះ កម្ពុជាបាននិងកំពុងបន្តដើរតួនាទីយ៉ាងសកម្មពីប្រទេសដែលធ្លាប់រងគ្រោះខ្លាំងដោយសារមីន បានប្រែក្លាយខ្លួនទៅជាប្រទេសចែករំលែកសក្ខីកម្ម បទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសរបស់ខ្លួនលើវិស័យសកម្មភាពមីនទៅកាន់សហគមន៍អន្តរជាតិ។ កន្លងមក អង្គភាពCMAC ក៏បានទទួលគណៈប្រតិភូ និងមន្ត្រីជំនាញមកពីបណ្តាប្រទេសអាហ្វ្រិកជាច្រើនមកទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ និងទទួលការបណ្តុះបណ្តាលលើជំនាញផ្សេងៗពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន។ សកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation) ព្រមទាំងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ជាមួយបណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើសកលលោក។