ព័ត៌មាន

13 កក្កដា 2026

ឯកឧត្តម ហេង រតនា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

នារសៀលថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកណ្ដាលCMAC ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស្តេហ្វាន អនតន់ ម៉េស៊ើរ៉ើ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា និងបានអញ្ជើញមកCMACដើម្បីជម្រាបលា។ ក្នុងជំនួបដ៏មានអត្ថន័យនាឱកាសនោះ ឯកឧត្តម ហេង រតនា បានផ្លាស់ប្តូរមតិ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ពិសេសលើវិស័យសកម្មភាពមីនមនុស្សធម៌។ ប្រទេសអាល្លីម៉ង់ជាដៃគូប្រវត្តិសាស្ត្រដំបូងគេមួយដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធហ្វឹកហ្វឺនរបស់អង្គភាពCMAC តាំងពីឆ្នាំ ១៩៩២ ហើយកម្ពុជាក៏ជាប្រទេសដំបូងបង្អស់ដែលអាល្លីម៉ង់បានបញ្ជូនកងទ័ពផ្នែកសុខាភិបាលក្នុងបេសកកម្មUN ក្រោយសង្គ្រាមលោកលើកទី២ ផងដែរ។ ក្នុងនាមអង្គភាពCMAC និងប្រជាជនកម្ពុជា ឯកឧត្តមប្រតិភូ ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលតែងតែផ្តល់ជំនួយយ៉ាងសកម្ម ទាំងថវិកា បច្ចេកទេស និងសម្ភារបរិក្ខារនានា ដែលជំនួយទាំងនេះបានរួមចំណែកយ៉ាងធំធេងក្នុងការរំដោះផ្ទៃដីមានមីន ធានាសុវត្ថិភាព និងសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាបានរាប់ម៉ឺននាក់។

ទន្ទឹងនឹងនេះ ភាគីទាំង២ក៏បានពិភាក្សាគ្នាលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលសៀមឈ្លានពានបានប្រើប្រាស់អាវុធយុទ្ធភណ្ឌច្រើនមកលើគោលដៅស៊ីវិល ជាពិសេសគ្រាប់បែកចង្កោម ដែលមានភូមិរងផលប៉ះពាល់ថ្មីចំនួន ៣៤៩ ភូមិ ។ ឯកឧត្តមប្រតិភូ ក៏បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូត អំពីទំហំបញ្ហានៃសំណល់គ្រាប់យុទ្ធភណ្ឌរបស់សៀមឈ្លានពាននៅទឹកដីកម្ពុជា ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសំដែងការគាំទ្រចំពោះជំហររាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងការរក្សាភាពអត់ធ្មត់និងព្យាយាមដោះស្រាយបញ្ហាជម្លោះនេះ ដោយសន្តិវិធីនិងនិយាមច្បាប់អន្តរជាតិ។

ជាការឆ្លើយតប ឯកឧត្តម Stefan Anton Messerer បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានកន្លងមក និងសមត្ថភាពដ៏ឆ្នើមរបស់កងកម្លាំងជំនាញអង្គភាពCMAC លើសមរភូមិបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងបានកោតសរសើរជាពិសេសចំពោះវីរភាពរបស់ស្ត្រីបោសសម្អាតមីនដែលកំពុងបំពេញការងារសង្គ្រោះជីវិតមនុស្សក្នុងសហគមន៍។ ទោះបីជាត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជាក៏ដោយ ឯកឧត្តម Stefan Anton Messerer បានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់នៅតែបន្តឈរជាមួយកម្ពុជា និងបន្តគាំទ្របេសកកម្មមនុស្សធម៌មួយនេះ ដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅគ្មានមីន ទោះបីភាគីអាល្លីម៉ង់បានផ្លាស់ប្តូរគោលនយោបាយ ដោយត្រូវកាត់បន្ថយ ឬបញ្ឈប់ជំនួយជាលក្ខណៈស្ថាប័ន ដើម្បីបង្វែរថវិកាទៅជួយសង្គ្រោះតំបន់មានវិបត្តិបន្ទាន់ផ្សេងទៀត ដូចជាអ៊ុយក្រែន និងស៊ូដង់។ ជំនួបជម្រាបលានាឱកាសនេះ មិនត្រឹមតែជាការបង្ហាញពីទំនាក់ទំនងការទូតដ៏ស្អិតរមួតនោះទេ ប៉ុន្តែវាជាការបញ្ជាក់ជាថ្មីនូវចំណងមិត្តភាព និងភាពជាដៃគូអភិវឌ្ឍន៍ដ៏ពិតប្រាកដ ក្នុងការប្រែក្លាយដីចម្ការមីន ទៅជាដីមានសុវត្ថិភាព និងបង្កបង្កើនផល សម្រាប់សន្តិសុខមនុស្សជាតិនៅកម្ពុជា៕