ព័ត៌មាន

16 កក្កដា 2026

អង្គភាពស៊ីម៉ាក់រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ ២០២៦ និងលើកទិសដៅបន្តរ នៅខេត្តសៀមរាប

នៅថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប អង្គភាព ម.ស.ម.ក មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ ២០២៦ និងលើកទិសដៅបន្តរបស់អង្គភាពCMAC ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៅទីបញ្ជាការCMAC ភ្នំពេញ ព្រមទាំងបណ្តាកងឯកភាពកំចាត់មីន និងអង្គភាពក្រោមចំណុះទាំងអស់សរុបប្រមាណជិត២០០នាក់។ តាមរយៈការខិតខំប្រឹងប្រែងលើកាងារបោសសម្អាតមីន ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ អង្គភាពសម្រេចបានការបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានចំនួន៧៥.១៣១.៦០៥ ម៉ែត្រការ៉េ ស្មើនឹង៨២ភាគរយ នៃផែនការសកម្មភាពប្រចាំឆ្នាំ។ ក្នុងនោះដែរ កម្លាំងជំនាញរុករកឃើញ និងបំផ្លាញចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន២០.៨៦១ គ្រាប់ ព្រមទាំងបានចុះអន្តរាគមន៍ឆ្លើយតបភ្លាមៗទៅនឹងសំណើបន្ទាន់ៗរបស់ប្រជាពលរដ្ឋបានចំនួន៤.០២៣លើក ដែលតួលេខនេះគឺខ្ពស់ហួសពីសូចនាករផែនការ ដែលបានគ្រោងទុករហូតដល់ទៅ១៧៨,៨ភាគរយ។

ទន្ទឹមនឹងការងារបោសសម្អាត អង្គភាពក៏បានជំរុញការងារផ្សព្វផ្សាយអប់រំយល់ដឹងពីមីន ដល់ក្រុមគោលដៅបានចំនួន ១៤.៤៧៧លើក ស្មើនឹង៥៩,១៧ភាគរយ នៃផែនការ និងមានប្រជាពលរដ្ឋចូលរួមសរុបចំនួន១.៣៧៤.៨៨៧៧នាក់ ស្មើនឹង៦០,២៣ភាគរយ នៃផែនការផងដែរ។ អង្គភាពបានបន្តជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ជនរស់រានមានជីវិតពីគ្រោះថ្នាក់មីន និងជនពិការសរុបចំនួន ១.៤៧០ នាក់ ដោយបានផ្តល់ជំនួយផ្ទាល់ ការស្តារនីតិសម្បទា ការគាំទ្រផ្នែកចិត្តសង្គម ព្រមទាំងចែកជូនគ្រឿងបន្លាស់សិប្បនិម្មិត និងឧបករណ៍ជំនួយការធ្វើដំណើរ ដូចជារទេះរុញ និងឈើច្រត់ជាដើម។ ដោយឡែក សម្រាប់ការងារស្រាវជ្រាវ និងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលបន្សល់ទុកពីការឈ្លានពានរបស់សៀមកាលពីឆ្នាំ២០២៥ កន្លងទៅ អង្គភាពCMAC បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះប្រតិបត្តិការយ៉ាងសកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ទាំង៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងសៀមរាប។ ជាលទ្ធផលជាក់ស្តែងនៃការងារតាមព្រំដែននេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកឃើញភូមិសង្ស័យចំនួន ៣៣៥ភូមិ ក្នុងចំណោម៣៤៩ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់សរុបជិត៣.៨៧២.០៦៣.១៦៦ ម៉ែត្រការ៉េ ព្រមទាំងបានបោសសម្អាតសំណល់យុទ្ធសង្គ្រាមឈា្លនពានរបស់សៀមដើម្បីកាត់បន្ថយគ្រោះថ្នាក់និងវិលត្រលប់ទៅលំនៅដ្ឋានវិញរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមានបោសសម្អាតលំនៅដ្ឋានប្រជាពលរដ្ឋបានចំនួន៥.៩១១ខ្នងផ្ទះ ស្មើនឹងផ្ទៃដីប្រមាណជិត១៤.៥៥៣.១៥៨ ម៉ែត្រការ៉េ សាលារៀនចំនួន៨៧ខ្នង ស្មើនឹងផ្ទៃដី១.៥៣៩.៥៨៣ ម៉ែត្រការ៉េ មណ្ឌលសុខភាពចំនួន២០ទីតាំង ស្មើនឹងប្រមាណជិត២៧៨.៥៦៧ ម៉េត្រការេ វត្តអារាមមានចំនួន៦វត្ត ស្មើនឹងផ្ទៃដីម១៤៧.៦៧៩ ម៉ែត្រការ៉េ និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗចំនួន១១៤ទីតាំង ស្មើនឹងផ្ទៃដីចំនួន៨.១៣៥.១៩៦ ម៉ែត្រការ៉េ។ ក្នុងនោះដែរ គ្រាប់បែកចង្កោមចំនួន៤.៤៣៦គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតជាង៤.០០០គ្រាប់ ត្រូវបានរកឃើញ និងធ្វើការកម្ទេចចោលដោយសុវត្ថិភាព។

ក្នុងទិសដៅបន្តទៅមុខ អង្គភាពបានដាក់ចេញនូវយុទ្ធសាស្ត្របន្តសំខាន់ៗលើអ្វីដែលមានស្រាប់ ដោយផ្តោតលើការងារស្រាវជ្រាវ&អភិវឌ្ឍន៍បច្ចេកវិទ្យា ការធ្វើទំនើបកម្មបច្ចេកវិទ្យាAI&នវានុវត្តន៍ និងពង្រឹងសមត្ថភាពខាងក្នុងអង្គភាពដោយពង្រីកទំនាក់ទំនងខាងក្រៅឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនប្រសិទ្ធភាព គុណភាព ទំនុកចិត្ត និងសុវត្ថិភាពក្នុងប្រតិបត្តិការ។ ដេីម្បីសម្រេចបានជោគជ័យនេះ អង្គភាពក៏បន្តជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពខ្ពស់ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយ ដែលជាសសរស្តម្ភយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យមីននិងពង្រឹងភាពជាម្ចាស់៕