ព័ត៌មាន

23 កក្កដា 2026

អង្គភាព CMAC រៀបចំកិច្ចប្រជុំក្រុមសាមញ្ញក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងផែនការសកម្មភាពបន្ត

នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកណ្តាល CMACភ្នំពេញ មានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងផែនការសកម្មភាពបន្តរបស់អង្គភាព ក្រោមអធិបតីភាព ឯកឧត្តម ខឹម សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេសិទ្ធ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមដែលជាសមាជិក និងទីប្រឹក្សាអមក្រុមប្រឹក្សាភិបាលចំនួន១៦នាក់។ អង្គប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងដាក់ចេញផែនការបន្តរបស់អង្គភាព ដោយក្នុងកិច្ចប្រតិបត្តិការរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ អង្គភាពCMAC បានសម្រេចលទ្ធផលប្រតិបត្តិការគួរជាទីមោទនៈមាន ១. ការបោសសម្អាតរំដោះផ្ទៃដីតំបន់គ្រាប់មីន /គ្រាប់បែកចង្កោម និងគ្រាប់សំណល់សង្គ្រាមចាស់/ថ្មី បានចំនួន២០០ចម្ការ ដែលមានផ្ទៃដីសរុបចំនួន៧៥.១៣២ហិកតា ស្មើនឹង៨២ភាគរយ នៃផែនការប្រចាំឆ្នាំ។ រុករកឃើញនិងបំផ្លាញចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន២០.៨៦១ គ្រាប់ ព្រមទាំងបានចុះអន្តរាគមន៍ឆ្លើយតបភ្លាមៗទៅនឹងសំណើបន្ទាន់ៗរបស់ប្រជាពលរដ្ឋបានចំនួន៤.០២៣លើក។

២ . ការងារផ្សព្វផ្សាយអប់រំយល់ដឹងពីមីន ដល់ក្រុមគោលដៅបានចំនួន ១៤.៤៧៧លើក មានប្រជាពលរដ្ឋចូលរួមសរុបចំនួនជិត១លាន ៤សែននាក់ ស្មើនឹង៥៩,១៧ភាគរយនៃផែនការឆ្នាំ។ ៣. ការងារស្រាវជ្រាវព័ត៌មាននិងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានក្នុងឆ្នាំ២០២៥កន្លងទៅ អង្គភាពCMAC បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះប្រតិបត្តិការយ៉ាងសកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ទាំង៦ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកោះកុង។ ជាលទ្ធផល បានធ្វើការស្រាវជរាវព័ត៌មានចំនួន ៣៣៥ភូមិ ក្នុងចំណោម៣៤៩ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់សរុបជិត៣៨៧.២០៦ហិកតា ។ កំណត់អាទិភាពរំដោះផ្ទៃដីគាំទ្រការវិលត្រលប់ទៅលំនៅដ្ឋានវិញសម្រាប់ប្រជាពលរដ្ឋបានចំនួន៥.៩១១ខ្នងផ្ទះ ស្មើនឹងផ្ទៃដីប្រមាណជិត១.៤៥៥ហិកតា តំបន់ផ្ទៃដីសាលារៀនចំនួន៨៧ខ្នង ស្មើនឹងផ្ទៃដី១៥៤ហិកតា តំបន់មណ្ឌលសុខភាពចំនួន២០ទីតាំង វត្តអារាមមានចំនួន៦វត្ត និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗចំនួន១១៤ទីតាំង។ កិច្ចប្រតិបត្តិការនេះបានរុករកឃើញនិងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទបានចំនួនជាង៨.៤០០ គ្រាប់ ដែលក្នុងចំនួនសម្រេចបាននេះមានគ្រាប់បែកចង្កោមចំនួន៤.៤៣៦គ្រាប់។

ដោយឡែកសម្រាប់ទិសដៅបន្តទៅមុខ អង្គភាពបានដាក់ចេញនូវយុទ្ធសាស្ត្របន្តសំខាន់ៗលើអ្វីដែលមានស្រាប់ ដោយផ្តោតលើការងារស្រាវជ្រាវ&អភិវឌ្ឍន៍បច្ចេកវិទ្យា ការធ្វើទំនើបកម្មបច្ចេកវិទ្យាAI&នវានុវត្តន៍ និងពង្រឹងសមត្ថភាពខាងក្នុងអង្គភាពដោយពង្រីកទំនាក់ទំនងខាងក្រៅឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនប្រសិទ្ធភាព គុណភាព ទំនុកចិត្ត និងសុវត្ថិភាពក្នុងប្រតិបត្តិការ។ ដើម្បីសម្រេចបានជោគជ័យនេះ អង្គភាពក៏បន្តជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពខ្ពស់ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយ ដែលជាសសរស្តម្ភយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យមីននិងពង្រឹងភាពជាម្ចាស់ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕