5 សីហា 2026
វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន រៀបចំពិធីបិទវគ្គ ហ្វឹកហ្វឺនសុនខហិតមីន និង អ្នកកាន់សុនខស្រាវជ្រាវបច្ចេកទេស
នៅព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់(CMAC)បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន សុនខហិតមីន និងអ្នកកាន់សុនខស្រាវជ្រាវបច្ចេកទេស ដែលជាកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC និងអង្គការ APOPO ប្រចាំកម្ពុជា។ ពិធីនេះក៏មានការចូលរួមពីតំណាងអង្គការAPOPO ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងដៃគូពាក់ព័ន្ធជាច្រើនរូបផងដែរ។
វគ្គហ្វឹកហ្វឺនជំនាញនេះបានចាប់ផ្តើមដំណើរការហ្វឹកហ្វឺនចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយបានចំណាយពេល១៣សប្តាហ៍ នៅក្នុងមណ្ឌលសុនខស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង។ វគ្គហ្វឹកហ្វឺននេះក៏មានការអញ្ជើញចូលរួម ពីសិក្ខាកាមអន្តរជាតិមកពីបណ្តាប្រទេសមួយចំនួន រួមមាន ប្រទេសអ៊ុយក្រែនចំនួន១០នាក់ ប្រទេសអេត្យូពីចំនួន ០១នាក់ ប្រទេសហ្ស៊ុកដានីចំនួន ០១នាក់ និងសិក្ខាកាមរបស់អង្គភាពCMAC ចំនួន ០៤នាក់ អង្គការAPOPO ចំនួន ០១នាក់។ យោងតាមរបាយការណ៍របស់លោក Mikael Bold ប្រធានកម្មវិធីអង្គការAPOPOបានឱ្យដឹងថា ព្រឹត្តិការណ៍នៃការបញ្ចប់វគ្គហ្វឹកហ្វឺននាឱកាសនេះ គឺជាការប្រារព្ធនូវសមិទ្ធផលប្រវត្តិសាស្ត្ររួមគ្នារវាងអង្គភាព CMAC និងអង្គការ APOPO ក្នុងការសម្រេចបាននូវការហ្វឹកហ្វឺនអ្នកកាន់សុនខសរុបគ្រប់មកទល់ពេលនេះបានចំនួន ១០០នាក់ហើយ។ នេះជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពរបស់អង្គភាពCMACមានសមត្ថភាពជួយដល់បណ្តាប្រទេសមានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមនានា។
លោកបានបន្ថែមថាក្នុងអំឡុងពេល ១៣សប្តាហ៍នៃការហ្វឹកហ្វឺន ក្រុមសិក្ខាកាមត្រូវបានបណ្តុះបណ្តាលយ៉ាងហ្មត់ចត់លើជំនាញសំខាន់ៗ រួមមាន ការថែទាំ និងសុខុមាលភាពសុនខ, វិន័យ និងការស្តាប់បង្គាប់, ការប្រាស្រ័យទាក់ទងរវាងអ្នកកាន់ និងសុនខ, នីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ក្នុងការរុករក, សុវត្ថិភាពប្រតិបត្តិការ, វិន័យការងារ និងការធ្វើការជាក្រុម។ មានប្រសាសន៍ក្នុងពិធីបិទវគ្គនេះ ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ APOPO ជាពិសេសលោក Ibrahim Tinjak ប្រធានគ្រូហ្វឹកហ្វឺនសុនខ, ព្រមទាំងក្រុមការងារបច្ចេកទេស និងផ្នែកទ្រទ្រង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលា និងចំណេះដឹង ក្នុងការបណ្តុះបណ្តាលសិក្ខាកាមអន្តរជាតិ និងជាតិទាំងអស់រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បីរួមចំណែកដល់សកម្មភាពកម្ចាត់មីនមនុស្សធម៌ទាំងនៅក្នុងប្រទេសកម្ពុជានិងនៅលើឆាកអន្តរជាតិ។ មានប្រសាសន៍នៅក្នុងពិធីបិទវគ្គនេះ ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណចំពោះអង្គការAPOPO ប្រចាំកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងគាំទ្រយ៉ាងសកម្មដល់សកម្មភាពមីននៅកម្ពុជា និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូបច្ចេកទេសនិងសិក្ខាកាមទាំងអស់ ជាពិសេសសិក្ខាកាមជានារី ដែលបានខិតខំសិក្សារៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់នាពេលនេះ៕