21 កញ្ញា 2026
UNDP និងCMAC ពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យសកម្មភាពមីន
នារសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយលោក Enrico Gaveglia ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងក្រុមការងារ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង UNDP និងអង្គភាពCMACលើវិស័យសកម្មភាពមីន។
មានប្រសាសន៍នៅក្នុងជំនួបនោះ ឯកឧត្តម ហេង រតនា បានរំលឹកពីប្រវត្តិរបស់ អង្គភាព CMAC ដែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ (UN) នៅឆ្នាំ១៩៩២ និងបានក្លាយជាស្ថាប័នជាតិនៅឆ្នាំ ១៩៩៣ ដោយគ្រានោះមានសម្តេចនាយករដ្ឋមន្ត្រីនៃរាជ រដ្ឋាភិបាលជាប្រធានក្រុមប្រឹក្សាភិបាលជារៀងរហូតមកដល់បច្ចុប្បន្ននេះ។ UNDP គឺជាដៃគូយ៉ាងសំខាន់មួយក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីនរបស់អង្គភាព CMAC។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រតិភូ ក៏បានជម្រាបជូនលោក Enrico Gaveglia និងសហការី អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន ចំពោះប្រជាពលរដ្ឋកម្ពុជាប្រមាណ ៩ម៉ឺនគ្រួសារ (ស្មើនឹងមនុស្សរាយចំនួនប្រមាណជាង ៣៥០,០០០នាក់) ជាពិសេសការរងប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម និងសិទ្ធិមូលដ្ឋានដូចជា លំនៅដ្ឋាន សុខសុវត្ថិភាព និងដីស្រែចម្ការសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការពង្រឹងកិច្ចសហការ ផ្តល់ការហ្វឹកហ្វឺន និងផ្លាស់ប្តូរបទពិសោធន៍របស់អង្គភាព CMAC នៅលើឆាកអន្តរជាតិផងដែរ៕