ព័ត៌មាន

22 កញ្ញា 2026

សហភាពអឺរ៉ុបបានអនុម័តផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ប្រមាណ១.៨លានដុល្លារអាម៉េរិក គាំទ្រសកម្មភាពអង្គភាពCMACសហការជាដៃគូជាមួយអង្គការAPOPO

នារសៀលថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានស្វាគមន៍ និងទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំតំបន់ ដឹកនាំដោយលោក Andreas Roettger ប្រធានក្រុមការងារ FPI និងក្រុមការងារ។

មានប្រសាសន៍នៅក្នុងជំនួបដ៏មានសារៈសំខាន់នោះ ឯកឧត្តម ហេង រតនា បានជម្រាបជូនគណៈប្រតិភូអំពីផលប៉ះពាល់ដោយសារបន្សល់ទុកនូវសំណល់យុទ្ធភណ្ឌសង្គ្រាម ជាពិសេសបញ្ហានេះបានបង្កឱ្យមានគ្រោះថ្នាក់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ សេដ្ឋកិច្ចសង្គម និងបេតិកភណ្ឌវប្បធម៌។ ជាការឆ្លើយតប លោក Andreas Roettger បានបញ្ជាក់ពីការអនុម័តផ្តល់ជំនួយគាំទ្រសកម្មភាពបោសសម្អាតមីនអង្គភាពCMAC សហការដៃគូជាមួយអង្គការAPOPO មានថវិកាចំនួន១.៥៩៨.៩៩៩អឺរ៉ូ ស្មើនឹងប្រមាណ១.៨លានដុល្លារអាម៉េរិក សម្រាប់រយៈពេល១៨ខែ ដោយគិតចាប់ផ្តើមពីខែតុលា ឆ្នាំ២០២៦ នេះតទៅ។ គម្រោងនេះ នឹងត្រូវធ្វើប្រតិបត្តិការនៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ជំនួយនេះអាចផ្តល់លទ្ធភាពបោសសម្អាតផ្ទៃរងផលប៉ះពាល់ប្រមាណជាង៦.០០០ហិកតា ព្រមទាំងផ្តល់ការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងការងារស្រាវជ្រាវព័ត៌មានបច្ចេកទេសទិន្នន័យកាត់បន្ថយផ្ទៃដីរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌផងដែរ។

ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការកោតសរសើរ និងការគាំទ្រជាបន្តបន្ទាប់ពីសហភាពអឺរ៉ុប ព្រមទាំងបានបញ្ជាក់ពីកា រប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អង្គភាព CMAC ក្នុងការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការ APOPO និងសហភាពអឺរ៉ុប ដើម្បីកម្ចាត់ភាពគំរាមកំហែងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម កសាងសុវត្ថិភាព និងអនាគតដ៏រុងរឿងជូនប្រជាជនកម្ពុជា។ ក្រោយកិច្ចពិភាក្សាការងារ គណៈប្រតិភូសហភាពអឺរ៉ុប ក៏បានអញ្ជើញទស្សនាសារមន្ទីរតេជោសន្តិភាព ដែលដាក់តាំងបង្ហាញខ្លឹមសារ រូបភាព និងតឹកតាងជាក់ស្តែង ដែលបង្ហាញនូវការរំលឹកចងចាំទុក្ខសោកនៃសង្គ្រាម និងបានបង្ហាញនូវតម្លៃមហាសាលនៃសន្តិភាពដែលរកបានដោយលំបាកសម្រាប់ប្រទេសកម្ពុជា៕