ព័ត៌មាន

5 តុលា 2026

ពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការអប់រំអំពីហានីភ័យ នៃសំណល់ជាតិផ្ទុះEORE

នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ឯកឧត្តម ព្រហ្ម សួនប្រសិទ្ធ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC និងលោក Yoshito Yako តំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី«ការអប់រំអំពីហានីភ័យ នៃសំណល់ជាតិផ្ទុះ» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាCMAC មជ្ឈមណ្ឌលកម្មវិធីជាតិគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ប្រទេសឡាវ(UXO-Lao) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម(VNMAC) និងនគរបាលជាតិទីម័រឡេស្តេ គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ការរៀបចំសិក្ខាសាលានេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពអ្នកអនុវត្តជំនាញការអប់រំយល់ដឹងពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលផ្ដោតលើការអនុវត្តជាក់ស្តែង ព្រមទាំងបង្កើតវេទិកាសម្រាប់ចែករំលែកបទពិសោធន៍ ស្ថានភាព និងបញ្ហាប្រឈម។ សកម្មភាពសិក្ខាសាលានេះ រួមមានការធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹង«ការអប់រំអំពីហានីភ័យ នៃសំណល់ជាតិផ្ទុះ» ការចែករំលែកស្ថានភាព និងបទពិសោធន៍របស់ប្រទេសចូលរួម និងរៀបចំទស្សនកិច្ចស្វែងយល់ពីការអនុវត្តការងារអប់រំការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្តោតទៅលើសហគមន៍ សាលារៀន ព្រមទាំងសេវាកម្មជួយដល់ជនមានពិការភាព និងទស្សនកិច្ចនៅមជ្ឈមណ្ឌលកាយសម្បទាស្ថិតក្នុងខេត្តកំពង់ឆ្នាំង។ មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ព្រហ្ម សួនប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះប្រតិភូ និងអ្នកចូលរួមទាំងអស់ ក្នុងសិក្ខាសាលាក្រោមប្រធានបទ «ការសម្របសម្រួលការផ្លាស់ប្តូរឥរិយាបថ និងការពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យ»។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបានឧបត្ថម្ភថវិកាសម្រាប់ការរៀបចំកម្មវិធីនេះ ព្រមទាំងបានគូសបញ្ជាក់ពីសារសំខាន់នៃការដំឡើងកម្រិតសមត្ថភាពស្ថាប័ន និងការបណ្តុះបណ្តាលបន្តបន្ទាប់លើជំនាញ «ការអប់រំអំពីហានីភ័យ នៃសំណល់ជាតិផ្ទុះ» ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងបច្ចេកវិទ្យាថ្មីៗ។ លើសពីនេះ ឯកឧត្តមបានផ្តោតលើការបង្កើតកិច្ចសន្ទនា និងបណ្តាញទំនាក់ទំនងជិតស្និទ្ធរវាងអ្នកជំនាញក្នុងតំបន់ ដោយបានប្តេជ្ញាថា CMAC នឹងបន្តបេសកកម្មរហូតដល់កម្ពុជាអស់គ្រាប់មីន ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធន៍ជោគជ័យជាមួយប្រទេសដៃគូ ក្រោមគំនិតផ្តួចផ្តើមបោសសម្អាតមីនកម្ពុជា-ជប៉ុនផងដែរ។

គួររំលឹកផងដែរថា នេះគឺជាសិក្ខាសាលាថ្នាក់តំបន់លើកទី ២ ហើយដែលកាលពីលើកទី ១ សិក្ខាសាលាថ្នាក់តំបន់ស្តីពី «គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ» ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ដោយមានសមាសភាពចូលរួមពីប្រទេសកម្ពុជា ឡាវ និងវៀតណាម ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក រវាងបណ្តាប្រទេសរងផលប៉ះពាល់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។