8 តុលា 2026
ពិធីបិទសិក្ខាសាលាថ្នាក់តំបន់ស្តីពីការអប់រំអំពីហានិភ័យ នៃសំណល់ជាតិផ្ទុះ
នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកណ្តាល CMAC ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC រួមជាមួយលោក Yoshito Yako តំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA)ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការអប់រំអំពីហានិភ័យនៃសំណល់ជាតិផ្ទុះ (EORE)» ដែលរៀបចំដោយអង្គភាព CMAC សហការជាមួយ JICA ក្រោមគម្រោង «កិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពីការពង្រឹងមុខងារអង្គភាព CMAC ដំណាក់កាលទី២»។
សិក្ខាសាលានេះមានការចូលរួមពីតំណាងប្រទេសចំនួន ០៤ រួមមាន កម្ពុជា ឡាវ វៀតណាម និងទីម័រឡេសេ្ត សរុប ២៧នាក់ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ បញ្ហាប្រឈម និងវិធីសាស្ត្របច្ចេកទេសក្នុងការអនុវត្ត EORE ការផ្លាស់ប្តូរឥរិយាបថ ការការពារប្រជាពលរដ្ឋ និងការជួយស្តារលទ្ធភាពពលកម្មជនរងគ្រោះ។ តាមរយៈការធ្វើបទបង្ហាញ ការពិភាក្សា និងទស្សនកិច្ចសិក្សាជាក់ស្តែងនៅសាលារៀន សហគមន៍ និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មក្នុងខេត្តកំពង់ឆ្នាំង អ្នកចូលរួមបានពង្រឹងទាំងចំណេះដឹងទ្រឹស្តី និងបទពិសោធន៍អនុវត្តជាក់ស្តែង ព្រមទាំងបង្កើតបណ្តាញកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងតំបន់។ មានប្រសាសន៍នៅក្នុងពិធីបិទសិក្ខាសាលា លោក Yoshito Yako បានមានប្រសាសន៍ថា ចំណេះដឹង បទពិសោធន៍ និងបណ្តាញទំនាក់ទំនងវិជ្ជាជីវៈ ដែលបានកសាងឡើងនៅក្នុងរោងជាងនេះ នឹងមានតម្លៃសម្រាប់អ្នកចូលរួមទាំងអស់គ្នា ក្នុងការបន្តពង្រឹងការអប់រំកាត់បន្ថយគ្រោះថ្នាក់អំពីហានិភ័យដោយសារគ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះ (EORE) ការជួយសង្គ្រោះជនរងគ្រោះ និងកិច្ចខិតខំប្រឹងប្រែងស្តារលទ្ធភាពពលកម្មឡើងវិញ នៅក្នុងប្រទេសរៀងៗខ្លួន។
មានប្រសាសន៍នៅក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណចំពោះ JICA និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកគាំទ្រការពង្រឹងសមត្ថភាព និងការចែករំលែកបទពិសោធន៍រវាងប្រទេសក្នុងតំបន់។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជាការផ្ទេរចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកដល់ការការពារជីវិតប្រជាពលរដ្ឋ ការស្តារជីវភាព និងការកសាងសន្តិភាពប្រកបដោយ ចីរភាព។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា វិស័យសកម្មភាពមីន និងសំណល់ជាតិផ្ទុះត្រូវបានផ្សារភ្ជាប់ជាមួយគោលដៅសុវត្ថិភាពប្រជាពលរដ្ឋ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កម្ពុជាដែលធ្លាប់ជាប្រទេសទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសង្គ្រាម កំពុងបន្តពង្រឹងខ្លួនជាប្រទេសដែលអាចចែករំលែកចំណេះដឹង បទពិសោធន៍ និងសមត្ថភាពបច្ចេកទេសជាមួយប្រទេសដទៃក្នុងការកាត់បន្ថយហានិភ័យពីសំណល់ជាតិផ្ទុះ។