16 វិច្ឆិកា 2026
ពិធីបើក«វគ្គបណ្តុះបណ្តាលស្តីពីការគ្រាប់គ្រងជាន់ខ្ពស់ជូនអាជ្ញាធរសកម្មភាពកំចាត់មីនប្រទេសស៊ូដង់ខាងត្បូង»គាំទ្រដោយ សេវាសកម្មភាពកំចាត់មីនរបស់អង្គការសហប្រជាជាតិ
នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ១៦ ខែវិច្ឆកា ឆ្នាំ២០២៦ នៅទីបញ្ជាការCMAC ភ្នំពេញ បានរៀបចំពិធីបើក«វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងជាន់ខ្ពស់ជូនអាជ្ញាធរសកម្មភាពកំចាត់មីនប្រទេសស៊ូដង់ខាងត្បូង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC និងលោក Mike Rashid Fulla Obaldo អគ្គនាយកនៃអាជ្ញាធរសកម្មភាព កំចាត់មីនប្រទេសស៊ូដង់ខាងត្បូង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកពាក់ព័ន្ធជាច្រើនរូប។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរសកម្មភាពកំចាត់មីនប្រទេសស៊ូដង់ខាងត្បូង ចំនួន ០៤រូប ក្រោមការគាំទ្រពីសេវាសកម្មភាពកំចាត់មីនរបស់អង្គការសហប្រជាជាតិ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង ក្នុងគោលបំណងពង្រឹងសមត្ថភាពលើយុទ្ធសាស្ត្រគ្រប់គ្រង និងសមត្ថភាពស្ថាប័ន តាមរយៈការចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រអនុវត្តជាក់ស្ដែងរបស់ CMAC ក្នុងការបង្កើត គ្រប់គ្រង និងរក្សានិរន្តរភាពកម្មវិធីសកម្មភាពកំចាត់មីនថ្នាក់ជាតិ។
មានប្រសាសន៍នៅក្នុងពិធីបើកវគ្គ ឯកឧត្តម ហេង រតនា បានជម្រាបដល់គណៈប្រតិភូស៊ូដង់ខាងត្បូងពីបញ្ហាប្រឈមដែលកម្ពុជាបានរងគ្រោះនៅក្នុងសម័យសង្រ្គាមកាលពីអតីតកាល ជាពិសេសសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃមកលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដែលបានបន្សល់ទុកនៅគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនបន្ថែមទៀតដែលតម្រូវឱ្យអង្គភាពCMACចំណាយពេលជាច្រើនឆ្នាំទៅមុខទៀតដើម្បីបោសសម្អាតគ្រាប់យុទ្ធភណ្ឌទាំងអស់នោះ។ ជាការឆ្លើយតប លោក Mike Rashid Fulla Obaldo បានថ្លែងអំណរគុណដល់អង្គភាពCMAC និងJICA ដែលបានផ្តល់ការជ្រោមជ្រែងក្នុងការផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីជំនាញរបស់អាជ្ញាធរសកម្មភាព កំចាត់មីនប្រទេសស៊ូដង់ខាងត្បូង ដើម្បីផ្តល់លទ្ធភាពក្នុងការយកបទពិសោធន៍ និងជំនាញពាក់ព័ន្ធនឹងវិស័យសកម្មភាពមីនដើម្បីអនុវត្តនៅក្នុងស្ថាប័នប្រកបដោយប្រសិទ្ធភាព។ សូមជម្រាបថា ពិធីបើកវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងអង្គភាព CMAC អង្គការ UNMAS/UNOPS និងអាជ្ញាធរសកម្មភាព កំចាត់មីនប្រទេសស៊ូដង់ខាងត្បូង ដែលបានចាប់ផ្ដើមជាផ្លូវការចាប់ពីដើមឆ្នាំ២០២៦ មក ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់ប្រទេសស៊ូដង់ខាងត្បូង។ កន្លងមក ភាគីទាំងពីរបានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ អាជ្ញាធរសកម្មភាព កំចាត់មីនប្រទេសស៊ូដង់ខាងត្បូង ចំនួន ០៣រូប កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដើម្បីសិក្សាស្វែងយល់ពីការគ្រប់គ្រងស្ថាប័ន និងការអនុវត្តសកម្មភាពកំចាត់មីននៅកម្ពុជា ព្រមទាំងបានរៀបចំវគ្គហ្វឹកហ្វឺនគ្រូបង្គោលលើការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALIS ជូនមន្ត្រីបច្ចេកទេស អាជ្ញាធរសកម្មភាព កំចាត់មីនប្រទេសស៊ូដង់ខាងត្បូង ចំនួន ០៤រូប នៅទីលានហ្វឹកហ្វឺនពពេល ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដែលគ្របដណ្តប់លើការប្រើប្រាស់ប្រព័ន្ធ ការស្កេន និងការវិភាគទិន្នន័យ។
គួរបញ្ជាក់ផងដែរថា ប្រទេសស៊ូដង់ខាងត្បូងនៅតែប្រឈមយ៉ាងខ្លាំងនឹងបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធប្រវត្តិសាស្ត្រចំនួន ជាច្រើនឆ្នាំ។ ទោះបីជាមានការចុះកិច្ចព្រមព្រៀងសន្តិភាពក្នុងឆ្នាំ២០១៨ ក៏ដោយ ការប៉ះទង្គិចប្រដាប់អាវុធនៅតំបន់ខ្លះនៅតែបន្តកើតមាន ដែលបន្សល់ទុកនូវមីនប្រឆាំងមនុស្ស គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងគ្រាប់រំសេវដែលនៅសល់ពី សង្គ្រាម ។ តាមរយៈទិន្នន័យចុងឆ្នាំ២០២៤ របស់ UNMAS/UNMISS ផ្ទៃដីដែលរងផលប៉ះពាល់ពីមីនប្រឆាំងមនុស្សមានទំហំប្រមាណ ៤៩៤ហិកតា និងសំណល់គ្រាប់បែកចង្កោមមានទំហំប្រមាណ ៩៥៣ហិកតា ហើយចាប់ពីឆ្នាំ១៩៦៤ ដល់ឆ្នាំ២០២៤ មានជនរងគ្រោះសរុបចំនួន ៥,៣២៧នាក់ ក្នុងនោះស្លាប់ ១,៤៦២នាក់ និងរងរបួស ៣,៨៦៥នាក់។
តាមរយៈវគ្គបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការអន្តរជាតិនេះ អង្គភាព CMAC អង្គការ UNMAS/UNOPS និង អាជ្ញាធរសកម្មភាពកំចាត់មីនប្រទេសស៊ូដង់ខាងត្បូង ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់ជំនាញ បទពិសោធន៍ និងសមត្ថភាពបច្ចេកទេស ដើម្បីពង្រឹងវិស័យសកម្មភាពកំចាត់មីននៅប្រទេសស៊ូដង់ខាងត្បូង។ នេះជាការរួមចំណែកដ៏មានអត្ថន័យរបស់កម្ពុជាក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌អន្តរជាតិ ការការពារអាយុជីវិតប្រជាពលរដ្ឋ និងការលើកកម្ពស់សន្តិសុខមនុស្សនៅលើឆាកអន្តរជាតិ៕