21 តុលា 2026
ពិធីផ្ទេរ-ប្រគល់ម៉ាស៊ីនរាវមីន VALLON របស់ក្រុមហ៊ុនVALLON GmbH ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាល CMAC រាជធានីភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជានិងលោក Markus Vallon នាយកប្រតិបត្តិក្រុមហ៊ុន Vallon ព្រមទាំងសហការី ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម ហេង រតនាបានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសវឌ្ឍនភាពការងារ និងកិច្ចប្រតិបត្តិការរបស់អង្គភាពCMAC ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីផ្ដល់សុវត្ថិភាពជូនប្រជាពលរដ្ឋ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះឯកឧត្តម ហេង រតនាក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ភាគីអាល្លឺម៉ង់នាពេលកន្លងមក ពោលតាំងពីឆ្នាំ១៩៩៧មក ដែលបានរួមចំណែកដល់ការពង្រឹងសមត្ថភាពបច្ចេកទេស និងប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គភាពCMAC។ ជាការឆ្លើយតប លោកជំទាវ Silke Rofer បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងវិស័យសកម្មភាពមីន ជាពិសេសការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់អង្គភាពCMAC ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ដើម្បីកាត់បន្ថយហានិភ័យពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងការការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ លោកជំទាវក៏បានបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស ក្នុងការបន្តពង្រឹងសមត្ថភាពវិស័យសកម្មភាពមីននៅកម្ពុជាផងដែរ។
ក្នុងឱកាសនេះដែរ លោកជំទាវ Silke Rofer និងលោក Markus Vallon ក៏បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរ-ប្រគល់ម៉ាស៊ីនរាវមីន Vallon ជូនអង្គភាព CMAC ដែលជាជំនួយរបស់ក្រុមហ៊ុន Vallon GmbH ដែលការផ្ដល់ជំនួយនេះបង្ហាញនូវការបន្តគាំទ្រដល់អង្គភាពCMAC ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ អង្គភាពCMAC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ព្រមទាំងក្រុមហ៊ុន Vallon GmbH ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃនេះ។ ការគាំទ្រនេះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពប្រតិបត្តិការ និងជំរុញបេសកកម្មមនុស្សធម៌របស់ CMAC ឆ្ពោះទៅរកសហគមន៍ដែលមានសុវត្ថិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោយបញ្ចប់កម្មវិធីសំណេះសំណាលនិងផ្ទេរប្រគល់ម៉ាស៊ីនរាវរកមីន ប្រតិភូទាំងអស់ក៏បានអញ្ជើញទស្សនាសាលពិព័រណ៍គ្រាប់ និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ដើម្បីស្វែងយល់បន្ថែមពីកិច្ចប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន និងសមិទ្ធផលការងារនាពេលកន្លងមក៕