26 តុលា 2026
អង្គភាពCMACទទួលស្វាគមន៍លោកស្រី IWAMA Nozomi ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ថ្មីប្រចាំកម្ពុជា
នាព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អជ្ជស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ២៦ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការCMAC ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានទទួលជួបជម្រាបលារបស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា ដែលបានចប់អាណត្តិការងារនៅកម្ពុជា និងទទួលស្វាគមន៍លោកស្រី IWAMA Nozomi ប្រធាន JICA ថ្មីប្រចាំកម្ពុជា ព្រមទាំងសហការី។ ក្នុងជំនួបនេះ ឯកឧត្តម បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក SANUI Kazumasa ដែលបានខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង JICA ជាមួយរាជរដ្ឋាភិបាលនិយាយរួម និងជាមួយអង្គភាព CMAC និយាយដោយឡែក ឱ្យកាន់តែរឹងមាំ ក្នុងអំឡុងពេលលោកបំពេញបេសកកម្មនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញការអនុវត្តគម្រោងនានាដែលគាំទ្រដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងការពង្រឹងសមត្ថភាពបច្ចេកទេស និងប្រតិបត្តិការរបស់អង្គភាព CMAC។
ជាក់ស្តែង កិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC និង JICA ក្នុងអាណត្តិរបស់លោក SANUI Kazumasa បានបង្កើតនូវសមិទ្ធផលជាច្រើន ទាំងការផ្ទេរចំណេះដឹង បច្ចេកវិទ្យា សម្ភារៈបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានអគារនៅខេត្តកំពង់ឆ្នាំង និងសារមន្ទីរតេជោសន្តិភាពនៅខេត្តសៀមរាប។ សមិទ្ធផលទាំងនេះមិនត្រឹមតែជាសក្ខីភាពនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់ការពង្រឹងសមត្ថភាពប្រតិបត្តិការ ការអប់រំផ្សព្វផ្សាយចំណេះដឹង និងការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ។ ជាមួយគ្នានេះ លោក SANUI Kazumasa បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការខិតខំប្រឹងប្រែងរបស់អង្គភាព CMAC ក្នុងការបំពេញបេសកកម្មបោសសម្អាតមីនមនុស្សធម៌ ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងរួមចំណែកធានាសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តម ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី IWAMA Nozomi ក្នុងតួនាទីជាតំណាង JICA ថ្មី ប្រចាំកម្ពុជា និងបានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់លោកស្រី កិច្ចសហប្រតិបត្តិការរវាង JICA និងអង្គភាព CMAC នឹងបន្តមានភាពរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ ជាការឆ្លើយតប លោកស្រី IWAMA Nozomi បានសម្តែងនូវក្តីរីករាយ និងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសភាពជាដៃគូរវាង JICA និងអង្គភាព CMAC ព្រមទាំងបង្ហាញពីបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលផ្លែផ្កា។ ក្នុងនាមអង្គភាពCMAC ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំង JICA ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃនាពេលកន្លងមក និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងភាពជាដៃគូនេះឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ព្រមទាំងចែករំលែកបទពិសោធន៍ជាមួយរដ្ឋដទៃទៀត៕