28 តុលា 2026
អង្គភាពCMAC និងអាម៉េរិកពិភាក្សាកិច្ចសហប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្រ្គាម
នាព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អជ្ជស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ២៨ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលអង្គភាពCMAC ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយលោកជំទាវ Rachel Schiller ឧបការីរងទទួលបន្ទុកកម្មវិធី និងប្រតិបត្តិការ នៃការិយាល័យកិច្ចនយោបាយនិងយោធា ក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងលោក Ethan Rinks អ្នកគ្រប់គ្រងកម្មវិធី នៃការិយាល័យទទួលបន្ទុកការបោសសម្អាតមីន និងការកាត់បន្ថយអាវុធ ព្រមទាំងសហការី ដើម្បីពិភាក្សាគ្នាលើការផ្លាស់ប្តូរយោបល់ និងការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ការពង្រឹងសមត្ថភាពបច្ចេកទេស ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការរវាងអង្គភាពCMAC និងសហរដ្ឋអាមេរិក ដើម្បីរួមចំណែកដល់សុវត្ថិភាពប្រជាពលរដ្ឋ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនោះ ឯកឧត្តម បានជម្រាបជូនលោកជំទាវ និងគណៈប្រតិភូអំពីវឌ្ឍនភាពនៃសកម្មភាពបោសសម្អាតផ្ទៃដីដែលរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងការស្រាវជ្រាវ និងវាយតម្លៃស្ថានភាពគ្រោះថ្នាក់ ដើម្បីកំណត់តំបន់អាទិភាព និងធានាថាផ្ទៃដីដែលបានបោសសម្អាតរួចអាចប្រើប្រាស់ដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសហគមន៍។
ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសបានធ្វើអន្តរាគមន៍យ៉ាងសំខាន់ក្នុងការស្វែងរកដំណោះស្រាយសន្តិភាព និងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនបន្ថែម អំពីផលប៉ះពាល់ដែលបង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះដែលយោធាថៃបានបាញ់លើបូរណភាពទឹកដីកម្ពុជា ក្នុងជម្លោះប្រដាប់ឈ្លានពានរបស់ថៃក្នុងឆ្នាំ២០២៥កន្លងទៅ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ រួមទាំងការស្រាវជ្រាវ និងការបោសសម្អាតដោយប្រុងប្រយ័ត្ន ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពប្រជាពលរដ្ឋ។ ឯកឧត្តមក៏ជម្រាបជូនអំពីវឌ្ឍនភាពអំពីគម្រោងផែនការការត្រៀមរៀបចំវគ្គបណ្តុះបណ្តាល វគ្គកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ(EOD) តាមរយៈកិច្ចសហប្រតិបត្តិការជាមួយកងទ័ពសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២៧។ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានចែករំលែកអំពីបទពិសោធន៍ និងសមត្ថភាពរបស់អង្គភាពCMAC ដែលមិនត្រឹមតែបន្តបំពេញបេសកកម្មបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ជាមួយប្រទេសដទៃដែលរងផលប៉ះពាល់ដោយសារ សង្គ្រាម រួមមានអ៊ុយក្រែន កូឡុំប៊ី ប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក និងការបណ្តុះបណ្តាលដែលពាក់ព័ន្ធនឹងប្រទេសស៊ូដង់ខាងត្បូង។ ការចែករំលែកបទពិសោធន៍ទាំងនេះបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃសមត្ថភាពរបស់កម្ពុជា និងតួនាទីរបស់អង្គភាពCMAC ក្នុងការរួមចំណែកដល់សកម្មភាពមីនក្នុងកម្រិតអន្តរជាតិ។
ជាការឆ្លើយតប លោកជំទាវ Rachel Schiller បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអង្គភាពCMAC ជាពិសេសកម្លាំងជំនាញដែលកំពុងបំពេញប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ លោកជំទាវក៏បានកត់សម្គាល់ពីសារៈសំខាន់នៃសមត្ថភាពបច្ចេកទេស និងបទពិសោធន៍របស់អង្គភាពCMAC ដែលមិនត្រឹមតែរួមចំណែកដល់ការដោះស្រាយបញ្ហាមីននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចែករំលែកចំណេះដឹង និងជំនាញដល់ប្រទេសដទៃដែលរងផលប៉ះពាល់ដោយសារសង្គ្រាមផងដែរ។ លោកជំទាវ Rachel Schiller ក៏បានជម្រាបជូនអំពីចំណាប់អារម្មណ៍របស់លោកជំទាវ បន្ទាប់ពីបានអញ្ជើញទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប។ លោកជំទាវបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំតាំងបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជា ផលវិបាកបង្កឡើងដោយសង្គ្រាម និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ជាមួយគ្នានេះ លោកជំទាវក៏បានសង្កេតឃើញទិដ្ឋភាពជាក់ស្តែងនៃការគាំទ្ររបស់សហរដ្ឋអាមេរិក រួមមានរូបភាពសំណង់ដែលមាននិមិត្តសញ្ញាទង់ជាតិសហរដ្ឋអាមេរិក និងផ្លាកសញ្ញានៅតាមតំបន់ដែលបានបោសសម្អាតរួច ដែលបង្ហាញពីការរួមចំណែកគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះវិស័យសកម្មភាពមីននៅកម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្ហាញលទ្ធផលជាក់ស្តែងនៃការអនុវត្តគម្រោង ដែលជាកត្តាចាំបាច់ក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តរវាងអង្គភាពអនុវត្ត និងដៃគូសហប្រតិបត្តិការ។ លោកជំទាវក៏បានបង្ហាញពីបំណងនាំយកព័ត៌មាន និងបទពិសោធន៍ដែលលោកជំទាវបានឃើញផ្ទាល់ ទៅរាយការណ៍ជូនថ្នាក់ដឹកនាំពាក់ព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដើម្បីរួមចំណែកធ្វើឱ្យភាគីពាក់ព័ន្ធយល់កាន់តែច្បាស់អំពីវឌ្ឍនភាពការងារ និងលទ្ធផលជាក់ស្តែងនៃការប្រើប្រាស់ជំនួយរបស់សហរដ្ឋអាម៉េរិកក្នុងការគាំទ្រដល់កម្ពុជា។ [02-Nov-26 10:19 AM] Raksmey Ung: ជាចុងក្រោយ លោកជំទាវបានបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ការចែករំលែកព័ត៌មានអំពីលទ្ធផលការងារ និងបទពិសោធន៍ជាក់ស្តែង ត្រូវបានចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់ពង្រឹងការយល់ដឹង និងទំនុកចិត្តរវាងភាគីទាំងពីរ ព្រមទាំងគាំទ្រដល់ការពិចារណាលើកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីរួមចំណែកពង្រឹងសមត្ថភាពបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា៕