19 មិថុនា 2025
សប្បុរសធម៌មូលនិធិចិន PEACELAND ផ្តល់ជំនួយជាគ្រឿងចក្រដល់ស៊ីម៉ាក់ក្នុងការជួយលើកិច្ចអភិវឌ្ឍន៍ជនបទក្រោយការបោសសម្អាតមីនរួចជូនសហគមន៍និងប្រជាពលរដ្ឋ។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ បានរៀបចំពិធីផ្ទេរ-ប្រគល់គ្រឿងចក្រចំនួន១គ្រឿងម៉ាកSANYI តាមរយៈជំនួយសប្បុរសធម៌របស់មូលនិធិចិន PEACELAND ក្រោមវត្តមានចូលរួមរបស់ លោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះគ្រោះមហន្តរាយនៃមូលនិធិសប្បុរសធម៌Sanyi លោកQUI Lili តំណាងអង្គការPEACELAND លោក LU HUA អគ្គនាយកក្រុមហ៊ុនSANYIប្រចាំនៅកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួនទៀត ក្នុងនោះអមដំណេីរគណប្រតិភូដោយលោកវរសេនីយ៍ឯក SHENG DAZHI អនុព័ន្ធយោធាចិនប្រចាំកម្ពុជា និងលោកលេខាទី២នៃស្ថានទូតចិននៅកម្ពុជាព្រមទាំងលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។
ថ្លែងក្នុងពិធីនេះ លោកស្រី Song Ximei បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា ជាពិសេសការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋក្រោយការបោសសម្អាតមីន និងសំណលយុទ្ធភណ្ឌសង្គ្រាម សម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនដល់ប្រជាពលរដ្ឋនៅតំបន់ដែលរងគ្រោះដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។ លោកស្រីបន្តថា នេះជាជំហានទី១ ដែលមូលនិធិចិនPEACELAND បានផ្តល់ជូនគ្រឿងចក្រនេះមកអង្គភាពCMAC ហើយលោកស្រី សង្ឃឹមថា នាពេលខាងមុខលោកស្រី និងបន្តកៀរគរជំនួយបន្ថែមទៀតពីសប្បុរសជន និងវិនិយោគិនពីប្រទេសចិន។
ជាការឆ្លើយតប ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលចិនដែលបានបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ជាពិសេសលើការកសាង និងអភិវឌ្ឍន៍កម្ពុជាឡើងវិញក្រោយពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងសូមថ្លែងអំណរដល់មូលនិធិចិនPEACELAND ដែលបានខិតខំកៀរគរជំនួយដើម្បីផ្តល់ជូននូវគ្រឿងចក្រ សម្រាប់បម្រើឱ្យការអភិវឌ្ឍនិងវិស័យបោសសម្អាតមីននៅកម្ពុជា។ជំនួយនេះគឺពិតជាមានសារប្រយោជន៍សម្រាប់បន្តគាំទ្រដល់សកម្មភាពអង្គភាពCMAC ក្នុងការជួយលើកិច្ចអភិវឌ្ឍន៍ជនបទក្រោយការបោសសម្អាតមីនរួចជូនសហគមន៍និងប្រជាពលរដ្ឋ។